ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប អះអាងថា អ៊ីស្រាអែល ទទួលខុសត្រូវ ចំពោះវិបត្តិមនុស្សធម៌ នៅតំបន់ហ្គាហ្សា

រូបភាព៖ Afp

គែរ៖ រដ្ឋមន្ត្រីការបរទេស អេហ្ស៊ីបលោក Sameh Shoukry បានឲ្យដឹងថា អ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុង ចំពោះ “មហន្តរាយមនុស្សធម៌” ដែលប៉ាឡេស្ទីន កំពុងប្រឈមមុខ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

យោងតាមក្រសួងការបរទេស អេហ្ស៊ីប លោក Shoukry បានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz ដែលបានទាមទារឱ្យបើកច្រករ៉ាហ្វា ឡើងវិញ និងឱ្យប្រទេសអេហ្ស៊ីប ទទួលខុសត្រូវ ចំពោះការទប់ស្កាត់ វិបត្តិមនុស្សធម៌ នៅតំបន់ហ្គាហ្សា។

លោក Shoukry បានបញ្ជាក់ពីការបដិសេធយ៉ាងដាច់អហង្ការ របស់អេហ្ស៊ីប ចំពោះគោលនយោបាយរបស់អ៊ីស្រាអែល “បំភ្លៃការពិត” ដោយសង្កត់ធ្ងន់ថា អ៊ីស្រាអែល ទទួលខុសត្រូវទាំងស្រុង ចំពោះវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប។

លោកបានលើកឡើងថា ការគ្រប់គ្រងរបស់អ៊ីស្រាអែល លើផ្នែកឆ្លងកាត់ទីក្រុងរ៉ាហ្វា របស់ប៉ាឡេស្ទីន និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ជុំវិញផ្លូវកាត់នេះ បង្ហាញពីអាយុជីវិតរបស់បុគ្គលិកសង្គ្រោះ និងអ្នកបើកបរឡានដឹកទំនិញ ទៅនឹងគ្រោះថ្នាក់ ដែលអាចកើតមានឡើង ដោយកត់សម្គាល់ថា វាជាហេតុផលសម្រាប់ អសមត្ថភាពក្នុងការនាំយកជំនួយ ឆ្លងកាត់។

លោក Shoukry ក៏បានថ្កោលទោស ការប៉ុនប៉ងរបស់អ៊ីស្រាអែល ក្នុងការធ្វើឱ្យអេហ្ស៊ីបទទួលខុសត្រូវ ចំពោះវិបត្តិមនុស្សធម៌ ដែលមិនធ្លាប់មានពីមុនមក ដែលកំពុងប្រឈមមុខនឹងតំបន់ហ្គាហ្សាស្ទ្រីបថាជា “លទ្ធផលផ្ទាល់នៃការវាយប្រហារដោយចៃដន្យរបស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីនអស់រយៈពេលជាង ៧ខែមកនេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top