ព័ត៌មានអន្តរជាតិ

រដ្ឋបាល​អាមេរិក បញ្ជូន​អាវុធ​គិតជាប្រាក់ជាង ១ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ ទៅ​ឱ្យអ៊ីស្រាអែល

AFP

បរទេស៖ ជំនួយការសភាបីនាក់បាននិយាយនៅថ្ងៃអង្គារថា រដ្ឋបាលលោក Biden បានប្រាប់សមាជិកសភាសំខាន់ៗថា ខ្លួនកំពុងបញ្ជូនកញ្ចប់ថ្មី ដែលមានទឹកប្រាក់ជាង ១ពាន់លានដុល្លារជាអាវុធ និងគ្រាប់រំសេវដល់អ៊ីស្រាអែល។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថាវវាជាការដឹកជញ្ជូនអាវុធ លើកដំបូងទៅកាន់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានប្រកាសដោយរដ្ឋបាលអាមេរិក ចាប់តាំងពីវាបានដាក់ការ ផ្ទេរអាវុធមួយផ្សេងទៀត – ដែលមានគ្រាប់បែកចំនួន ៣.៥០០គ្រាប់ ត្រូវបានផ្អាកនៅក្នុងខែនេះ។ រដ្ឋបាលអាមេរិកបាននិយាយថា ខ្លួនបានផ្អាកការផ្ទេរមុននេះ ដើម្បីការពារអ៊ីស្រាអែលពីការ ប្រើប្រាស់គ្រាប់បែកទាំងនោះ នៅក្នុងការវាយលុករបស់ខ្លួននៅក្នុងទីក្រុង Rafah ភាគខាងត្បូងដែលមានហ្វូងមនុស្សច្រើន។

សេតវិមានបានទទួលរងការរិះគន់ ពីភាគីទាំងពីរនៃវិសាលគមនយោបាយ នៅក្នុងសហរដ្ឋអាមេរិកជុំវិញការគាំទ្រ ផ្នែកយោធារបស់ខ្លួនសម្រាប់សង្គ្រាម រយៈពេលប្រាំពីរខែរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ សមាជិកបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតី Joe Biden មួយចំនួនបានជំរុញលោក ឱ្យកំណត់ការផ្ទេរអាវុធវាយលុកទៅអ៊ីស្រាអែល ដើម្បីដាក់សម្ពាធលើសម្ព័ន្ធមិត្តអាមេរិកមួយនេះ ឱ្យធ្វើបន្ថែមទៀតដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន។ ដោយឡែក គណបក្ស​សាធារណរដ្ឋ​ជាច្រើន​ បាន​ថ្កោលទោស​ការ​បន្ថយ​ការ​គាំទ្រ​ផ្នែក​យោធា​ដល់​អ៊ីស្រាអែល។

ជំនួយការរបស់សភាអាមេរិកបាននិយាយថា កញ្ចប់ដែលត្រូវបានបញ្ជូនរួមមានប្រហែល ៧០០ លានដុល្លារសម្រាប់គ្រាប់រថក្រោះ , ៥០០ លានដុល្លារ ជារថយន្តយុទ្ធសាស្ត្រ និង ៦០ លានដុល្លារ ជាកាំភ្លើងត្បាល់។ ពួកគេបាននិយាយក្នុងលក្ខខណ្ឌអនាមិកដើម្បីពិភាក្សា អំពីការផ្ទេរអាវុធដែលមិនទាន់ត្រូវបាន ផ្សព្វផ្សាយជាសាធារណៈនោះឡើយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top