ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអ្នកដំណើរ ចេញពីឥណ្ឌូនេស៊ី បង្ខំចិត្តចុះចតបន្ទាន់ ក្រោយមានភ្លើងឆេះម៉ាស៊ីន

Photo: Twitter/@JacdecNew

ហ្សាការតា៖ តាមការបញ្ជាក់របស់ក្រុមហ៊ុន Garuda Indonesia បានឲ្យដឹងថា យន្តហោះដឹកមនុស្សចំនួន៤៦៨នាក់ ពីប្រទេសឥណ្ឌូនេស៊ីទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការចុះចតជាបន្ទាន់កាលពីថ្ងៃពុធ ដោយសារភ្លើងឆេះម៉ាស៊ីន ។

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីបានឲ្យដឹងថា ជើងហោះហើរ Garuda-1105 ឆ្ពោះទៅកាន់ Madinah ដែលដំណើរការដោយយន្តហោះ Boeing 747-400 បានត្រលប់មកអាកាសយានដ្ឋាន ដើមរបស់ខ្លួនវិញនៅក្នុងទីក្រុង Makassar របស់ឥណ្ឌូនេស៊ីនៅវេលាម៉ោង ៥និង១៥ល្ងាច ដោយអ្នកដំណើរទាំងអស់ មិនមានការឈឺចាប់អ្វីនោះទេ ។

លោក Irfan Setiaputra ប្រធានក្រុមហ៊ុន Garuda បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយអ្នកបើកបរនៅក្នុងបញ្ជាការភ្លាមៗ ក្រោយពីការហោះហើរដោយពិចារណាលើ បញ្ហាម៉ាស៊ីនដែលតម្រូវឱ្យមានការត្រួតពិនិត្យបន្ថែមទៀត បន្ទាប់ពីមានផ្កាភ្លើងត្រូវបាន គេសង្កេតឃើញនៅក្នុងម៉ាស៊ីនមួយ” ។

លោក Irfan បានឲ្យដឹងថា មានអ្នកដំណើរ៤៥០នាក់ និងសមាជិកនាវិក១៨នាក់នៅលើជើងហោះហើរនេះ រួមទាំងអ្នកធ្វើធម្មយាត្រាសម្រាប់ពិធីបុណ្យ Hajj ដែលជាធម្មយាត្រាមូស្លីមជាច្រើនថ្ងៃ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top