បរទេស ៖ មន្ត្រីចិនបានបង្ហាញការខឹងសម្បារ និងសន្យាសងសឹក បន្ទាប់ពីការប្រកាស ដោយសេតវិមាន កាលពីថ្ងៃអង្គារថារដ្ឋបាលលោក Biden នឹងដំឡើងពន្ធលើការនាំចូលមួយចំនួនពីប្រទេសចិន រួមទាំងការបន្ថែមពន្ធរហូតដល់បួនដង លើរថយន្តអគ្គិសនីដល់ ១០០ភាគរយ ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មរបស់ចិន បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារថា “នេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិយាកាស នៃកិច្ចសហប្រតិបត្តិការទ្វេភាគី” ។ “សហរដ្ឋអាមេរិកគួរតែកែកំហុស របស់ខ្លួនភ្លាមៗ ហើយលុបចោលពន្ធបន្ថែម ដែលដាក់លើប្រទេសចិន ។ ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន” ។
បើយោងតាមសារព័ត៌មាន Bloomberg , ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា “មនុស្សមួយចំនួននៅសហរដ្ឋអាមេរិក បានបាត់បង់វិចារណញ្ញាណរបស់ពួកគេ ដើម្បីការពារអនុត្តរភាព ឯកតោភាគីរបស់ពួកគេ” ។
លោកបានបន្ថែមថា «នៅពេលដ៏សំខាន់នៃការស្ទុះងើបសេដ្ឋកិច្ចនេះ សហគមន៍ពិភពលោក គួរតែប្រាប់អាមេរិកឲ្យឈប់បង្កើតបញ្ហាថ្មីទៀត»។ សេចក្តីប្រកាសរបស់សេតវិមាននៅថ្ងៃអង្គារនេះ បានធ្វើឡើងនៅចុងបញ្ចប់ នៃការត្រួតពិនិត្យច្បាប់ស្តីពីពន្ធគយ ដែលកើតឡើងរៀងរាល់បួនឆ្នាំម្តង។
នៅក្នុងការកត់សម្គាល់ នៅឯសេតវិមាន លោកប្រធានាធិបតី Joe Biden បាននិយាយថា ការពិនិត្យឡើងវិញបានរកឃើញថា របបពន្ធដែលមាន ស្រាប់គឺមានប្រយោជន៍ ប៉ុន្តែមិនគ្រប់គ្រាន់ទេ នៅពេលដែលវាមកដល់ការបង្ខំ ឱ្យប្រទេសចិន ធ្វើមាត្រដ្ឋាន ត្រឡប់មកវិញនូវ អ្វីដែលលោកបាន ពិពណ៌នាថា ជាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ដូចជាការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងការអនុគ្រោះផ្សេងទៀត ការធ្វើផលិតកម្មក្នុងស្រុក។
លោក Biden បានចោទប្រកាន់រដ្ឋាភិបាលចិន ថា “បោកប្រាស់” នៅពេលដែលខ្លួនប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតនៅក្នុងពាណិជ្ជកម្មអន្តរជាតិ។
លោកបន្ថែមថា “អស់ជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលចិនបានចំណាយថវិការដ្ឋទៅឱ្យក្រុមហ៊ុនចិននៅទូទាំងវិស័យឧស្សាហកម្មទាំងមូល៖ ដែកថែប និងអាលុយមីញ៉ូម គ្រឿង អេឡិចត្រូនិក យានជំនិះអគ្គិសនី បន្ទះស្រូបពន្លឺព្រះអាទិត្យ – ឧស្សាហកម្មនាពេលអនាគត និងសូម្បីតែឧបករណ៍ សុខភាពសំខាន់ៗ ដូចជាស្រោមដៃ និងម៉ាសជាដើម។
លោក Biden បាននិយាយថា “ប្រទេសចិន បានឧបត្ថម្ភធន យ៉ាងច្រើនដល់ផលិតផលទាំងអស់នេះ ដោយជំរុញឱ្យក្រុមហ៊ុនចិន ផលិតលើសពីអ្វី ដែលពិភពលោក អាចស្រូបយកបាន ហើយបន្ទាប់មក បញ្ចេញតម្លៃថោកនៃផលិតផល លើសនៅលើទីផ្សារក្នុងតម្លៃទាបដោយអយុត្តិធម៌ ដែលជំរុញឱ្យក្រុមហ៊ុនផលិត ផ្សេងទៀត នៅជុំវិញពិភពលោកឈប់រកស៊ី”៕
ប្រែសម្រួលៈ ណៃ តុលា