ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បើយកការដំឡើង ពន្ធគយធ្វើជាអាវុធ អាមេរិក នឹងរងការខាតបង់ កាន់តែខ្លាំង

បន្ទាប់ពីរដ្ឋាភិបាលអាមេរិក ប្រកាសដំឡើងពន្ធគយ ជាថ្មីម្តងទៀត ចំពោះផលិតផល របស់ចិន កាលពីថ្ងៃទី១៤ ខែឧសភា មជ្ឈដ្ឋានមតិអន្តរជាតិ ចោទជាមន្ទិលសង្ស័យ និងរិះគន់ព្រមៗគ្នា ។ ប្រព័ន្ធសារព័ត៌មាន ជាច្រើនសម្គាល់ឃើញថា អាមេរិកបានធ្វើឱ្យបញ្ហា សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្លាយជាបញ្ហា នយោបាយជាបន្តបន្ទាប់ បានបំផ្លាញ ដល់ទំនាក់ទំនងខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាប្រក្រតីរវាងចិន និងអាមេរិក ហើយក៏គ្មានអំណោយផល ដល់ការអភិវឌ្ឍ ឧស្សាហកម្មពាក់ព័ន្ធផងដែរ ចុងបំផុតនឹងធ្វើឱ្យអាមេរិក ឈឺផ្សារម្តងហើយម្តងទៀត ។

នៅថ្ងៃទី ១៤ ខែឧសភា តាមម៉ោងក្នុងតំបន់ អាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយជាថ្មីម្តងទៀត ចំពោះផលិតផលរបស់ចិន ដែលបូករួមទាំង រថយន្តអគ្គិសនី អាគុយលីចូម និងផលិតផលប្រព័ន្ធPV ដែលជាតំណាងនៃ “ផលិតផលថ្មីទាំងបី”របស់ប្រទេសចិន ព្រមនិងសារធាតុរ៉ែសំខាន់ៗ និងវត្ថុពាក់ កណ្តាលចម្លងជាដើម ។ ក្នុងនោះ បានដំឡើងពន្ធគយ ចំពោះរថយន្តអគ្គិសនីពី២៧,៥ភាគរយឡើង ដល់១០២,៥ភាគរយ ពន្ធគយនាំ ចូលអាគុយ ថាមពលសូឡា បាន ដំឡើង ពី២៥ភាគរយ ឡើងដល់៥០ភាគរយ ហើយអត្រាពន្ធគយ ទៅលើអាគុយលីចូម បានដំឡើងពី៧,៥ភាគរយឡើង ដល់២៥ ភាគរយ ។ មូលហេតុដែលនាពេលថ្មីៗ កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់របស់អាមេរិក ជាច្រើនឃោសនាបំប៉ោង យ៉ាងញឹកញាប់ពីអ្វី ដែលហៅថា “បញ្ហាអតិរេកផលិតកម្ម”របស់ថាមពលថ្មី របស់ចិន គឺដើម្បីធ្វើជាលេសសម្រាប់ដំឡើងពន្ធគយ ។
អាមេរិក បានយកការដំឡើងពន្ធគយ ធ្វើជាអាវុធម្តងទៀត តើអាចមានប្រយោជន៍ទេ? ដោយសារបានរងការរឹតបន្ដឹងជាច្រើន បានជាពេលមុននេះ រថយន្តអគ្គិសនី អាគុយលីចូមនិងឈីប របស់ចិនមិនបាននាំចូលទៅក្នុងទីផ្សារអាមេរិកដោយទ្រង់ទ្រាយធំនោះទេ ។ កាសែត«Nikkei» របស់ជប៉ុនបាន លើកឡើងថា ឧស្សាហកម្ម ពាក់ព័ន្ធរបស់ចិន មិនពឹងផ្អែក ទៅលើទីផ្សារអាមេរិកទេ អាមេរិកបន្ថែមពន្ធគយ ចំពោះផលិតផលចិនពិបាកជះឥទ្ធិពល ជាក់ស្តែងមកលើសហគ្រាសចិនណាស់ ។

បំណាច់ជាបែបនេះ ហេតុអ្វីបានជារដ្ឋាភិបាល អាមេរិកធ្វើយ៉ាងនេះ ? អ្នកវិភាគបានលើកឡើងថា មួយផ្នែក លើវិស័យ ថាមពលថ្មីជាដើម អាមេរិកមិនអាច ប្រកួតប្រជែងជាមួយប្រទេសចិន បានឡើយ ដូច្នេះ អ្នកនយោបាយអាមេរិក មានតែប្រើប្រាស់ មធ្យោបាយ ការពារពាណិជ្ជកម្ម សម្រាប់គាបសង្កត់ការ អភិវឌ្ឍឧស្សាហកម្ម ដ៏ល្អប្រសើររបស់ចិន ដើម្បីរក្សាឋានៈខ្ពស់ របស់អាមេរិកក្នុងខ្សែ សង្វាក់ឧស្សាហកម្មសកល ។

មួយផ្នែកទៀត ទង្វើនេះហាក់ដូចជា “ល្ខោននយោបាយ ” មួយលើក ។ ឆ្នាំនេះ ជាឆ្នាំបោះឆ្នោតសកលរបស់អាមេរិក ប៉ុន្តែសេដ្ឋកិច្ចអាមេរិក បានធ្លាក់ក្នុងសភាព ជាប់គាំង ដែលមានបញ្ហាដូចជាអតិផរណាខ្ពស់ និងឱនភាពហិរញ្ញវត្ថុជាដើម “ការទម្លាក់កំហុសឱ្យគេ” បានក្លាយជាជម្រើស ជាទម្លាប់របស់រដ្ឋាភិបាល អាមេរិកអាណត្តិនេះ ។

អ៊ីចឹង ការដំឡើងពន្ធគយអាចជួយអ្នកនយោបាយ អាមេរិកសម្រេចបំណងដែរឬទេ ?បើមើលពីផ្នែកសេដ្ឋកិច្ច អាចឃើញថា ការអភិវឌ្ឍដ៏យឺតយ៉ាវ របស់រថយន្ត ថាមពលថ្មី របស់អាមេរិក គឺមានមូលហេតុផ្ទាល់ខ្លួន ដូចជាថ្លៃដើមផលិតកម្មខ្ពស់ពេក និង ខ្វះហេដ្ឋារចនាសម័្ពន្ធ បន្ទាប់បន្សំ ដូចជាទូរសាកថ្មជាដើម ។ បញ្ហានៅផ្ទៃក្នុងទាំងនេះ មិនអាចដោះស្រាយបានដោយ សារតែដំឡើងពន្ធគយនោះឡើយ។

រីឯបំណងរបស់អ្នកនយោបាយអាមេរិកដែលចង់ប្រើប្រាស់ការដំឡើងពន្ធគយ ដើម្បីទាញយក សន្លឹកឆ្នោត ក៏ពិបាកសម្រេចបានដែរ ។ តាមការគណនា របស់ក្រុមហ៊ុន Moody ឱ្យដឹងថា អ្នកប្រើប្រាស់អាមេរិក បានទទួល បន្ទុកដើមទុន ចំនួន៩២ភាគរយ ក្នុងការដំឡើង ពន្ធគយចំពោះផលិតផលចិន ជារៀងរាល់ឆ្នាំ គ្រួសាររបស់អាមេរិក នឹងបន្ថែមចំណាយ១៣០០ដុល្លារអាមេរិក ។ ក្រៅពីនេះ ការសិក្សាស្រាវជ្រាវបានបង្ហាញ ឱ្យឃើញថា សង្រ្គាមពាណិជ្ជកម្ម ជាមួយប្រទេសចិន នឹងធ្វើឱ្យសហគ្រាសអាមេរិក បាត់បង់តម្លៃក្នុងទីផ្សារចំនួន ១,៧ទ្រីលានដុល្លារអាមេរិក ព្រមនិងបាត់បង់ ឱកាសការងារចំនួនជិត២៥ម៉ឺន ។

ការពិតជាក់ស្តែងបានបញ្ជាក់ថា ឧស្សាហកម្មថាមពលថ្មីរបស់ចិន ទទួលបានស្នាដៃពិតប្រាកដ ក្នុងការប្រកួតប្រជែងប្រកបដោយភាពបើកទូលាយ មិនត្រឹមតែធ្វើឱ្យការផ្គត់ផ្គង់ សកលមានភាពកាន់តែសម្បូរបែប និងបន្ធូរបន្ថយកម្លាំងសម្ពាធ នៃអតិផរណាសកលប៉ុណ្ណោះទេ ថែមទាំងក៏បានរួមចំណែក យ៉ាងខ្លាំងក្នុងការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មបៃតងនៅទូទាំង សកលលោកទៀតផង ។ អាមេរិកប្រើគ្រប់ឧបាយកល ដើម្បីគាបសង្កត់ប្រទេសចិន តែមិនអាចរារាំងការអភិវឌ្ឍនិង ការស្តារឡើងវិញរបស់ប្រទេសចិនឡើយ ផ្ទុយទៅវិញបានលាតត្រដាងយ៉ាងច្បាស់ថា អាមេរិកគឺជា“អ្នកបំផិ្លចបំផ្លាញ ក្បួនច្បាប់អន្តរជាតិ” ដ៏ពិតប្រាកដ ៕

To Top