ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើកំហុសបន្ថែមទៀត ក្នុងការបន្តធ្វើនយោបាយ លើបញ្ហាពាណិជ្ជកម្ម និងការដំឡើងពន្ធលើផលិតផលចិន ដែលនឹងធ្វើឱ្យមានការ ខាតបង់កាន់តែច្រើនលើក្រុមហ៊ុន និងអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក។
លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយលើការដំឡើង ពន្ធរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះលើរថយន្តអគ្គិសនីរបស់ចិន និងផលិតផលផ្សេងទៀត។
លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក បានធ្វើខុសក្នុងការដំឡើងពន្ធទាំងនេះ និងក្នុងការបន្តធ្វើនយោបាយ ចំពោះបញ្ហាពាណិជ្ជកម្ម។ “នេះនឹងជំរុញឱ្យតម្លៃទំនិញ នាំចូលកើនឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការខាតបង់កាន់តែច្រើនលើក្រុមហ៊ុន និងអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក និងបង្ខំឱ្យអ្នកប្រើប្រាស់អាមេរិក បង់ប្រាក់កាន់តែច្រើន” ។
ក្រុមហ៊ុន Moody’s បានប៉ាន់ប្រមាណថា ៩២ភាគរយ នៃការចំណាយលើការដំឡើងពន្ធនឹង ធ្លាក់មកលើអ្នកប្រើប្រាស់សហរដ្ឋអាមេរិក ខណៈដែលការចំណាយ ក្នុងគ្រួសារជាមធ្យមកើនឡើង ១,៣០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោក Wang បានបន្ដថា វិធានការការពារ របស់សហរដ្ឋអាមេរិក នឹងនាំមកនូវការខូចខាតកាន់តែខ្លាំងដល់សន្តិសុខ និងស្ថិរភាពនៃ ខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។
លោកបានលើកឡើងថា “យើងបានកត់សម្គាល់ឃើញថា មេដឹកនាំនយោបាយអឺរ៉ុបមួយចំនួនបានឲ្យដឹងថា ចំពោះពន្ធគយ វាជាគំនិតអាក្រក់ក្នុងការរុះរើពាណិជ្ជកម្មពិភពលោក” ។
លោកបានបន្ថែមថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក គោរពច្បាប់របស់អង្គការពាណិជ្ជកម្ម ពិភពលោកដោយស្មោះ និងលុបចោលពន្ធបន្ថែម ទាំងនេះភ្លាមៗ ដោយកត់សម្គាល់ថា ប្រទេសចិន នឹងចាត់វិធានការទាំងអស់ដែលចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា