ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីបរទេសអាមេរិកថា អាមេរិក កំពុងព្យាយាមស្វែងរកប្រព័ន្ធមីស៊ីល Patriot សម្រាប់អ៊ុយក្រែន

Afp

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងព្យាយាម “យ៉ាងសកម្ម និងជាបន្ទាន់” ក្នុងការស្វែងរកប្រភពប្រព័ន្ធការពារដែនអាកាស Patriot សម្រាប់ឱ្យអ៊ុយក្រែន។ ខណៈពេលដែលទីក្រុងគៀវ ទាមទារយ៉ាងហោចណាស់ប្រព័ន្ធពីរ នៃប្រព័ន្ធការពារដែនអាកាសដែលមានតម្លៃពាន់លានដុល្លារដើម្បីការពារតំបន់ Kharkov តែឯង របាយការណ៍បានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានរៀបចំដើម្បីបរិច្ចាគបានតែមួយគត់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba ក្នុងទីក្រុងគៀវថា “យើងផ្តោតយ៉ាងខ្លាំងលើប្រព័ន្ធការពារដែនអាកាស Patriots និងទម្រង់ការពារដែនអាកាសផ្សេងទៀត ហើយធ្វើឱ្យប្រាកដថា យើងអាចស្វែងរកប្រព័ន្ធការពារទាំងនោះ ហើយនាំទៅកាន់អ៊ុយក្រែន” ។

លោកបានបន្តទៀតថា “ពិតណាស់ តំបន់ Kharkov គឺជាអាទិភាពបន្ទាន់មួយ ហើយ”មានតំបន់ផ្សេងទៀត។ អ្វីដែលខ្ញុំអាចប្រាប់អ្នកគឺជាអ្វីដែលយើងបានពិភាក្សាលម្អិត ហើយថាយើងកំពុងធ្វើការយ៉ាងសកម្ម និងបន្ទាន់»។

តំបន់ Kharkov គឺជាទីក្រុងធំជាងគេទីពីររបស់អ៊ុយក្រែន ហើយមានទីតាំងនៅតំបន់ដ៏ធំមួយនៃភាគខាងកើតអ៊ុយក្រែនដែលមានឈ្មោះដូចគ្នា។ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន ទាហានរុស្ស៊ីបានវាយលុកពេញតំបន់ ដោយដណ្តើមបានទីក្រុង និងភូមិជាច្រើន ហើយផ្លាស់ទីទៅក្នុងតំបន់កាំភ្លើងធំនៃទីក្រុង។ នៅព្រឹកថ្ងៃពុធ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសពីការដណ្តើមបានភូមិ Glubokoye និង Lukyantsy ដែលជាភូមិពីរនៅជិតព្រំដែនអ៊ុយក្រែន-រុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា

To Top