អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken តាមទូរស័ព្ទថា ការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុងរភាហ្វា ក្នុងតំបន់ហ្គាហ្សា គឺមិនអាចទទួលយកបាននោះទេ។
លោក Fidan បានពិភាក្សាជាមួយ លោក Blinken អំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងតំបន់ហ្គាហ្សា និងជម្លោះរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមសារព័ត៌មាន Daily News ។
អ្នកការទូតកំពូលទួរគីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃបទឈប់បាញ់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅហ្គាហ្សា ដោយបន្ថែមថា ការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា គឺមិនអាចទទួលយកបាននោះទេ។
របាយការណ៍មិនបាននិយាយពីអ្វីដែលលោក Blinken បាននិយាយអំឡុងពេលហៅទូរសព្ទនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីថ្ងៃពុធផងដែរលោក Fidan បានជជែកជាមួយប្រធានការិយាល័យនយោបាយរបស់ហាម៉ាស់លោក Ismael Haniyeh តាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់នៅក្នុងការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
អ៊ីស្រាអែល បានបើកការវាយលុកយោធាទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយពួកសកម្មប្រយុទ្ធហាម៉ាស់ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន ដែលក្នុងនោះមនុស្សប្រហែល ១,២០០នាក់បានស្លាប់ និងជាង ២០០នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា