តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសការប៉ុនប៉ង ធ្វើឃាត លើនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ បន្ទាប់ពីលោក Fico បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងឧប្បត្តិហេតុបាញ់ប្រហារមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលនៅឆ្ងាយពីផ្ទះនៅក្នុងតំបន់ Trencin នៃប្រទេសស្លូវ៉ាគី ដោយលោក Kanaani ក៏បានជូនពរលោក Fico ឆាប់ជាសះស្បើយផងដែរ។
យោងតាមការបង្ហោះពីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Fico ស្ថិតក្នុងស្ថានភាពគំរាមកំហែង ដល់អាយុជីវិត បន្ទាប់ពីការបាញ់ប្រហារភ្លាមៗ។
ប្រភពបានបន្ថែមថា លោក Fico ត្រូវបានដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យ នៅកណ្តាលទីក្រុង Banska Bystrica ប្រទេសស្លូវ៉ាគី ខណៈដែលការហោះហើរ ទៅកាន់រដ្ឋធានី Bratislava នឹងចំណាយពេលច្រើនជាងនេះ៕
ប្រែសម្រួល ឈូក បូរ៉ា