ព័ត៌មានអន្តរជាតិ

ក្រុមហេសបូឡា បាញ់ស្រោចរ៉ុក្កែតប្រហែល ៦០គ្រាប់ ទៅលើ តំបន់ភាគខាងជើង អ៊ីស្រាអែល

រូបភាព៖ Afp

យេរ៉ូសាឡឹម៖ ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា បានបាញ់រ៉ុក្កែតប្រហែល ៦០ គ្រាប់ឆ្ពោះទៅកាន់មូលដ្ឋានបញ្ជាទ័ពអាកាស និងតំបន់ផ្សេងទៀតនៅភាគខាងជើង ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ដោយមិនបណ្តាលឱ្យ មានអ្នករងរបួសនោះទេ ។

គ្រាប់​រ៉ុក្កែត​បាន​បង្ក​សំឡេង ​ស៊ីរ៉ែន​ វាយប្រហារ​តាម​អាកាស​ នៅ​តំបន់​ជុំវិញ​មូលដ្ឋាន​ ភ្នំ​មេរ៉ុន និង​ទីក្រុង​គីរីយ៉ាត ស្មូណា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កងកម្លាំងការពារអ៊ីស្រាអែល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះចម្បាំងការពារដែនអាកាស បានស្ទាក់ចាប់បានដោយជោគជ័យ នូវការបាញ់បង្ហោះជាច្រើនលើក” ដែលបណ្តាលឱ្យមាន “ការខូចខាតតិចតួច” ។

ផ្ទាំងពាណិជ្ជកម្ម

សេវាសង្គ្រោះបន្ទាន់ Magen David Adom របស់អ៊ីស្រាអែល បានឲ្យដឹងថា មិនមានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ។

ក្រុមហេសបូឡា បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ដោយថា ខ្លួនបានកំណត់គោលដៅ លើអ៊ីស្រាអែល ជាមួយនឹងគ្រាប់រ៉ុក្កែត កាំជ្រួច និងកាំភ្លើងធំរាប់សិបគ្រាប់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ីស្រាអែល នៅតំបន់ទីរ៉ុស ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្សពីរនាក់ រួមទាំងមេបញ្ជាការ ជាន់ខ្ពស់របស់ក្រុមនេះលោក Hussain Ibrahim Mekky ផងដែរ។

ប្រែសម្រួល ឈូក បូរ៉ា

To Top