ព័ត៌មានអន្តរជាតិ

វគ្គផ្តាច់ព្រ័ត្រនៃ ការប្រកួតប្រជែងគំនិតច្នៃប្រឌិត និងសហគ្រិនភាពចិន-អាស៊ាន លើកទី២ បានបញ្ចប់ដោយជោគជ័យ

កាលពីថ្ងៃទី 15 ខែឧសភា ការប្រកួតផ្តាច់ព្រ័ត្រនៃ ការប្រកួតប្រជែងគំនិតច្នៃប្រឌិត និងសហគ្រិនភាពចិន-អាស៊ានលើកទី២ បានបញ្ចប់ដោយជោគជ័យនៅទីក្រុងហ្សាកាតា រដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី។ ការប្រកួតប្រជែងនេះគឺជាសកម្មភាព សំខាន់មួយនៃឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជនចិនអាស៊ាន រៀបចំឡើងដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន និង លេខាធិការដ្ឋានអាស៊ាន ព្រមទាំងសហការទទួលរៀបចំដោយ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន គណៈកម្មាធិការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន និង នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី (មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន)។

សកម្មភាពនេះត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់បន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងប្រទេសចិន និង បណ្តាប្រទេសអាស៊ាន បង្កើនសមត្ថភាពនវានុវត្តន៍ក្នុងតំបន់ចិន-អាស៊ាន និងជំរុញការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា នៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ជាមួយនឹងប្រធានបទ “ការផ្តល់អំណាចឌីជីថល សម្រាប់អនាគតរួមគ្នា” ការប្រកួតប្រជែងផ្ដោតជុំវិញ ចំណុចក្តៅនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់នាពេលបច្ចុប្បន្ន ផ្តោតលើវិស័យសេដ្ឋកិច្ចឌីជីថល ប្រមូលគម្រោងចូលរួមប្រកួត មកពីសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ សហគ្រាស និងស្ថាប័នសង្គមផ្សេងទៀត នៅក្នុងប្រទេសចិន និង បណ្ដាប្រទេសអាស៊ាន ព្រមទាំងបានទទួលការយក ចិត្តទុកដាក់យ៉ាងទូលំទូលាយ និងចូលរួមយ៉ាងសកម្ម។ ចាប់តាំងពីការចាប់ផ្តើមព្រឹត្តិការណ៍ ប្រកួតក្នុងខែកក្កដាឆ្នាំ២០១៣មក មានគម្រោងជាង ២៨០ ត្រូវបានចុះឈ្មោះសម្រាប់ការប្រកួតប្រជែង។

បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ គម្រោងច្នៃប្រឌិត និងសហគ្រិនភាពឆ្នើមសរុបចំនួន ២០គម្រោង មកពីប្រទេសចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម កម្ពុជា ប្រ៊ុយណេ ព្រមទាំងប្រទេស និងតំបន់ផ្សេងទៀត ទទួលបានការវាយតម្លៃលេចធ្លោ និងឈានទៅវគ្គផ្តាច់ព្រ័ត្រ។

នៅកន្លែងប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្រុមដែលចូលរួមត្រូវបានបែងចែកជាពីរ គឺក្រុមប្រកួត និងក្រុមសហគ្រាស ឆ្លងកាត់ទម្រង់សួរឆ្លើយនិងបង្ហាញ “7+5” ដើម្បីបង្ហាញយ៉ាងទូលំទូលាយអំពីលក្ខណៈ និងគុណសម្បត្តិនៃគម្រោងរបស់ខ្លួន។ បន្ទាប់ពីការផ្តល់ពិន្ទុ ដោយក្រុមអ្នកជំនាញត្រួតពិនិត្យ រង្វាន់ទីមួយ ទីពីរ និងទីបី និងតារាច្នៃប្រឌិតចំនួន 7 នៃក្រុមសហគ្រាស និងក្រុមប្រកួតត្រូវបានជ្រើសរើសជាចុងក្រោយ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ក្វាងស៊ីបានចូលរួមយ៉ាងស៊ីជម្រៅក្នុងផែនការភាពជាដៃគូវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន-អាស៊ាន និងផែនការសកម្មភាពច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា “ខ្សែក្រវាត់មួយផ្លូវ” ដោយបានរៀបចំការប្រកួតប្រជែងគំនិតច្នៃប្រឌិត និងសហគ្រិនភាពចិន-អាស៊ានជាដើម ដោយបានដើរតួនាទីជាវិជ្ជមាន ក្នុងការបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ នវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងចិន និងអាស៊ាន។ នាពេលខាងមុខ តំបន់ក្វាងស៊ីនឹងបន្តដើរតួនាទីជាស្ពាន តភ្ជាប់ ជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ានលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស ព្រមទាំងរួមចំណែកកាន់តែច្រើន ក្នុងការជំរុញការកសាង “ខ្សែក្រវាត់ និងផ្លូវ” និងការកសាងសហគមន៍ ជោគវាសនារួមចិន-អាស៊ានដែលកាន់តែជិតស្និទ្ធ និងកាន់តែប្រកបដោយវិបុលភាព៕

To Top