ព័ត៌មានអន្តរជាតិ

លោក ពូទីន និងលោក ហ្ស៊ី ជួបគ្នា នៅក្រុងប៉េកាំង

afp

ប៉េកាំង៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបជាមួយសមភាគីលោក ហ្ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទីក្រុងប៉េកាំង ខណៈដែលលោកស្វែងរកការគាំទ្រកាន់តែច្រើនពីប្រទេសចិន សម្រាប់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមនៅអ៊ុយក្រែន និងសេដ្ឋកិច្ចឯកោរបស់ប្រទេសគាត់ផងដែរ ។

គួរបញ្ជាក់ថា នេះជាដំណើរទៅក្រៅប្រទេសលើកទី១របស់លោក ពូទីន ចាប់តាំងពីការបោះឆ្នោតឡើងវិញនៅក្នុងខែមីនា និងជាលើកទី២ក្នុងរយៈពេលជាង៦ខែទៅកាន់ប្រទេសចិន ដែលជាខ្សែជីវិតសេដ្ឋកិច្ចសម្រាប់ប្រទេសរុស្ស៊ី ក្រោយពីលោកខាងលិចបានវាយប្រហាររុស្ស៊ីដោយការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើការវាយលុកយោធារបស់ខ្លួននៅក្នុងទឹកដីអ៊ុយក្រែន។

លោក ពូទីន ត្រូវបានទទួលស្វាគមន៍ដោយលោក ហ្ស៊ី នៅក្នុងពិធីស្វាគមន៍ដ៏ធំមួយ នៅខាងក្រៅមហាសាលប្រជាជន កណ្តាលទីក្រុងប៉េកាំង ។ ខ្សែវីដេអូរបស់ទូរទស្សន៍រដ្ឋ CCTV បានផ្សព្វផ្សាយឲ្យដឹង ។

ភ្លេងជាតិនៃប្រទេសទាំង២ និងក្បាច់គុនបានធ្វើឡើង នៅគ្រាដែលមេដឹកនាំទាំង២បានជួបគ្នា ដោយចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃដោយលោក ពូទីន ដែលត្រូវបានគេរំពឹងថា នឹងមើលឃើញប្រទេសកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដែលពួកគេបានប្រកាសថា “គ្មានដែនកំណត់” ។

ការមកដល់របស់មេដឹកនាំរុស្ស៊ី បានធ្វើឡើងនៅប៉ុន្មានម៉ោង ក្រោយពីលោកបានសាទរដល់កងទ័ពរបស់ប្រទេសលោកសម្រាប់ការឈានទៅមុខលើ “គ្រប់មុខ” នៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ក្រោយពីមានការវាយលុកលើដីថ្មីដ៏សំខាន់ មួយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top