ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះអាមេរិក Ronald Reagan ចាកចេញពីប្រទេសជប៉ុន បន្ទាប់ពីបេសកកម្មរយៈពេល ៩ឆ្នាំ

Kyodo

តូក្យូ៖ នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ Ronald Reagan របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចាកចេញពីមូលដ្ឋានទ័ពជើងទឹក Yokosuka ក្បែរទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបញ្ចប់បេសកកម្មរយៈពេលជិត ៩ឆ្នាំ ចំពេលមានភាពតានតឹងកើនឡើងជុំវិញ ការបង្កហេតុដោយប្រទេសចិន និងកូរ៉េខាងជើង។

វានឹងត្រូវបានជំនួសដោយនាវា Nimitz-class មួយទៀតគឺ George Washington ដែលត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋាន ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥។

យោធាអាមេរិកបានឲ្យដឹងថា នាវា Ronald Reagan នឹងរក្សាការប្រុងប្រយ័ត្ន នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅពេលដែលវាធ្វើដំណើរទៅកាន់កន្លែង ថែទាំកងទ័ពជើងទឹកក្នុងរដ្ឋវ៉ាស៊ីនតោន ។

នាវាផ្ទុកយន្ដហោះ Ronald Reagan បានមកដល់ Yokosuka ក្នុងខែតុលា ឆ្នាំ២០១៥ ហើយបានបំពេញភារកិច្ចល្បាត នៅក្នុងដែនទឹកជុំវិញចំពេល មានភាពតានតឹងកាន់តែខ្លាំងឡើង លើប្រទេសចិន ដែលបង្កើនសម្ពាធកាន់តែខ្លាំងលើតៃវ៉ាន់ ក៏ដូចជាការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ពីមុន នាវា Ronald Reagan បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ “Operation Tomodachi” ដែលធ្វើឡើងរួមគ្នាជាមួយកងកម្លាំង ស្វ័យការពាររបស់ប្រទេសជប៉ុន បន្ទាប់ពីមានការរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងខែមីនា ឆ្នាំ២០១១ ដែលបានបំផ្លិចបំផ្លាញ នៅភាគឦសានរបស់ប្រទេស ៕

To Top