ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-2, យន្តហោះច្បាំង F-35, F-15 ត្រូវបានអនុម័ត ឱ្យផ្ទុកគ្រាប់បែកនុយក្លេអ៊ែរទំងន់ធ្ងន់ប្រភេទថ្មី

afp

បរទេស៖ យន្តហោះទម្លាក់គ្រាប់បែក B-2 Stealth Bomber, យន្តហោះចម្បាំង F-35 Joint Strike Fighter និង F-15 Eagle ត្រូវបានអនុម័តឱ្យដឹក និងបញ្ជូនគ្រាប់បែកនុយក្លេអ៊ែរ B-61 ថ្មី, នេះបើយោងតាមការិយាល័យអគ្គអធិការកិច្ច (OIG) នៃក្រសួងការពារជាតិអាមេរិក (DoD) បានប្រកាសនៅក្នុង របាយការណ៍ថ្មីមួយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមរបាយការណ៍នោះថា ” OIG របស់ក្រសួងការពារជាតិអាមេរិក បានវាយតម្លៃលើវិសាលភាពដែលវិញ្ញាបនប័ត្ររចនានុយក្លេអ៊ែររបស់កងទ័ពអាកាសនៃយន្តហោះ F-15E, B-2 និង F-35A ដើម្បីផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ B61-12 អនុលោមតាមតម្រូវការ DoD និងកងទ័ពអាកាស” ។

របាយការណ៍បានឱ្យដឹងទៀតថា ការិយាល័យអគ្គអធិការកិច្ច OIG បានរកឃើញថា កងទ័ពអាកាសបានអនុលោមតាមតម្រូវការវិញ្ញាបនប័ត្រការរចនានុយក្លេអ៊ែរសម្រាប់យន្តហោះ F-15E, B-2 និង F-35A ដើម្បីផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ B61-12 ស្របតាមតម្រូវការរបស់ក្រសួងការពារជាតិ និងតម្រូវការរបស់កងទ័ពអាកាស។

ទោះជាយ៉ាងណាក៏ដោយ ទោះបីជាកងទ័ពអាកាសបានអនុលោមតាមលក្ខខណ្ឌតម្រូវទាំងនេះក៏ដោយ ក៏ដំណើរការផ្ទៀងផ្ទាត់ឯករាជ្យ និងសុពលភាពរបស់កងទ័ពអាកាស អាចត្រូវបានកែលម្អជាមួយនឹងការណែនាំលម្អិត ដើម្បីធានាបាននូវឯករាជ្យភាព៕ ប្រែសម្រួលៈ ណៃ តុលា

To Top