បរទេស៖ យោងតាមការចេញផ្សាយ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅពេលលោកទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងជិតស្និទ្ធរវាងរុស្ស៊ី និងចិនមិនគួរត្រូវបានចាត់ទុកថា
ជាការគំរាមកំហែងប្រឆាំងនឹងប្រទេសណាមួយឡើយ។
មេដឹកនាំរុស្ស៊ីបានធ្វើការអត្ថាធិប្បាយរបស់លោកក្នុងពេលជួបជាមួយប្រធានាធិបតីចិនលោក Xi Jinpingហើយ ដំណើរទស្សនកិច្ចនេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក Putin ចាប់តាំងពីលោកបានស្បថចូលកាន់ តំណែងជាប្រធានាធិបតីលើកទីប្រាំកាលពីដើមខែនេះ។
ដំណើរទស្សនកិច្ចរបស់លោក Putin ធ្វើឡើងចំពេលដែលភាពតានតឹងរវាងណាតូនៅម្ខាង និងរុស្ស៊ី និងចិននៅម្ខាងទៀត ដោយរដ្ឋាភិបាលលោកខាងលិចបានចោទប្រកាន់ទីក្រុងម៉ូស្គូ និងប៉េកាំងថាមានការឈ្លានពាន និងការបង្ខិតបង្ខំ។
គួរឲ្យដឹងដែរថារុស្ស៊ី និងចិនកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីលោកខាងលិចជុំវិញជម្លោះនៅអ៊ុយក្រែន និងសកម្មភាពរបស់ទីក្រុងប៉េកាំងនៅឥណ្ឌូប៉ាស៊ីហ្វិក៕ ប្រែសម្រួល៖ស៊ុនលី
