ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា ប្រទេសរុស្ស៊ី មិនច្រានចោលនូវលទ្ធភាព នៃការបន្ទាបទំនាក់ទំនងការទូត របស់ខ្លួនជាមួយសហរដ្ឋអាមេរិក ក្នុងកាលៈទេសៈជាក់លាក់ណាមួយឡើយ
នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន TASS លោក Ryabkov បានឲ្យដឹងថា រុស្ស៊ីមិនដែលផ្តួចផ្តើមគំនិត ដើម្បីធ្វើការផ្លាស់ប្តូរបែបនេះ នៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ឬប្រទេសណាតូផ្សេងទៀតឡើយ។
លោកបានលើកឡើងថា “ទោះជាយ៉ាងណា ពួកគេពិតជាអាចធ្វើទៅបានតាមទស្សនៈរបស់ខ្ញុំ ប្រសិនបើក្រុមលោកខាងលិចជ្រើសរើសផ្លូវនៃការកើនឡើងនោះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា នេះមិនចាំបាច់ពាក់ព័ន្ធនឹងការគាំទ្របន្ថែមសម្រាប់ទីក្រុងគៀវនោះទេ ប៉ុន្តែក៏អាចអនុវត្ត ចំពោះទ្រព្យសម្បត្តិរបស់រុស្ស៊ី ឬសកម្មភាពសេដ្ឋកិច្ចផ្សេងទៀតផងដែរ។
លោកបានបន្តថា “អ្វីដែលនឹងបង្កឲ្យមានស្ថានការណ៍បែបនេះ មិនមែនជាសំណួរសម្រាប់ថ្ងៃនេះទេ យ៉ាងហោចណាស់ ខ្ញុំមិនបានត្រៀមខ្លួនដើម្បីពិភាក្សាអំពីប្រធានបទនេះទេ”។
លោក Ryabkov បានបន្ថែមថា “ប្រសិនបើមានភាពធ្ងន់ធ្ងរបន្ថែមទៀត នេះនឹងក្លាយជាប្រធានបទនៃការវិភាគដាច់ដោយឡែក និងការសម្រេចចិត្តនៅកម្រិតនៃភាពជាអ្នកដឹកនាំនយោបាយ”៕
ប្រែសម្រួល ឈូក បូរ៉ា