ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល នឹងលុបចោល កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយតួកគី ជាការសងសឹកចំពោះការហាមឃាត់ពាណិជ្ជកម្មរបស់ទីក្រុងអង់ការ៉ា

AFP

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានប្រកាសថា អ៊ីស្រាអែល នឹងលុបចោលកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរបស់ខ្លួនជាមួយតួកគី ហើយនឹងដាក់ពន្ធ ១០០ភាគរយ លើការនាំចូលរបស់តួកគី ជាការសងសឹក ចំពោះការសម្រេចចិត្ត របស់ទីក្រុងអង់ការ៉ា ក្នុងការបញ្ឈប់ការនាំចេញ ទៅកាន់ប្រទេសអ៊ីស្រាអែល ។

លោក Smotrich បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះ នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ដើម្បីអនុម័ត នឹងនៅតែជាធរមានរហូតដល់ចុង បញ្ចប់នៃអាណត្តិរបស់ប្រធានាធិបតី តួកគីលោក Recep Tayyip Erdogan “ដែលនៅពីក្រោយការសម្រេចចិត្ត ប្រឆាំងនឹងអ៊ីស្រាអែល និងសេដ្ឋកិច្ចរបស់ខ្លួន” ។

ក្រសួងពាណិជ្ជកម្មតួកគីបានប្រកាសកាលពីថ្ងៃទី០២ ខែឧសភា ដើម្បីបញ្ឈប់រាល់សកម្មភាពពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ដោយសារ “អំពើហិង្សាមិនឈប់ឈរ” របស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។ លោក Smotrich បានហៅចំណាត់ការរបស់តួកគីថា “ការប្រកាសពហិការសេដ្ឋកិច្ច និងការរំលោភយ៉ាងធ្ងន់ធ្ងរ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ”។

កាលពីថ្ងៃទី០៣ ខែឧសភា ក្រសួងការបរទេសអ៊ីស្រាអែល បានប្រកាសថា មន្ត្រីជាន់ខ្ពស់មកពីក្រសួងសេដ្ឋកិច្ច និងបរទេសរបស់អ៊ីស្រាអែល ក៏ដូចជាអាជ្ញាធរពន្ធដារអ៊ីស្រាអែល បានសម្រេចចិត្តធ្វើការឆ្ពោះទៅរកការកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចរវាងតួកគី និងទឹកដីប៉ាឡេស្ទីន រួមទាំងតំបន់ហ្គាហ្សា និងវេសបែង ហើយតួកគី គឺជាប្រភពនាំចូលដ៏ធំបំផុតរបស់អាជ្ញាធរប៉ាឡេស្ទីន។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អ៊ីស្រាអែល លោក Nir Barkat បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទន្ទឹមនឹងនេះ អ៊ីស្រាអែល បានដាក់ពាក្យបណ្តឹង ទៅកាន់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង អភិវឌ្ឍន៍ (OECD) ប្រឆាំងនឹងតួកគី ជុំវិញការសម្រេចចិត្តចុង ក្រោយក្នុងការផ្អាកពាណិជ្ជកម្ម ជាមួយអ៊ីស្រាអែល។ ទាំងតួកគី និងអ៊ីស្រាអែល គឺជាប្រទេសសមាជិក OECD ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top