ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​ព្យួរក​ស្ត្រី​២​នាក់ ខណៈ​ការ​កាត់ទោសប្រហារ ជីវិត ​ក្នុងប្រទេសនេះ កាន់តែ​កើនឡើង​

AFP

បរទេស ៖ អង្គការក្រៅរដ្ឋាភិបាលមួយបានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានព្យួរក មនុស្សយ៉ាងហោចណាស់៧នាក់ កាលពីថ្ងៃសៅរ៍ រួមទាំងស្ត្រីពីរនាក់ ខណៈដែលសមាជិក នៃជនជាតិ ភាគតិចជ្វីហ្វ របស់ខ្លួនកំពុងប្រឈមនឹងហានិភ័យ នៃការប្រហារជីវិត ខណៈដែលសាធារណរដ្ឋអ៊ីស្លាម បានបង្កើនការប្រើប្រាស់ការ ដាក់ទណ្ឌកម្មបន្ថែមទៀត។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្មកស្រី Parvin Mousavi អាយុ ៥៣ ឆ្នាំ ជាម្តាយដែលមាន កូនធំពីរនាក់ ត្រូវបានព្យួរកនៅក្នុងពន្ធនាគារ Urmia ភាគពាយព្យ នៃប្រទេសអ៊ីរ៉ង់រួម ជាមួយបុរស ៥ នាក់ផ្សេងទៀត ដែលត្រូវបានកាត់ទោស នៅក្នុងករណីជាច្រើន ទាក់ទងនឹងគ្រឿងញៀន។ នេះ​បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​អ៊ីរ៉ង់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស ឬ IHR បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ។

នៅទីក្រុង Nishapur ភាគខាងកើតប្រទេស អ៊ីរ៉ង់ ស្ត្រីអាយុ ២៧ ឆ្នាំម្នាក់ ឈ្មោះ Fatemeh Abdullahi ត្រូវបានព្យួរកដោយចោទប្រកាន់ ពីបទឃាតកម្មលើប្តីរបស់នាង និងដែលត្រូវជាបងប្អូនជីដូនមួយ របស់នាងផងដែរ។

អង្គការ IHR និយាយ​ថា អ៊ីរ៉ង់បាន​បង្កើន​ការ​ប្រហារ ជីវិត​យ៉ាង​ហោច​ណាស់​ចំនួន ២២៣ដងនៅ​ឆ្នាំ​នេះ ដោយ​មាន​យ៉ាង​ហោច ៥០ដង​មក​ទល់​ពេល​នេះ​ក្នុង​ខែ​ឧសភា។ ការកើនឡើងថ្មីបានចាប់ផ្តើមបន្ទាប់ពីការបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំ Persian និងបុណ្យរ៉ាម៉ាដានក្នុងខែមេសា ដោយមានមនុស្សចំនួន ១១៥ នាក់ក្នុងនោះមានស្ត្រី ៦ នាក់ត្រូវបានព្យួរក តាំងពីពេលនោះមក។

ប្រទេសអ៊ីរ៉ង់​ អនុវត្ត​ការ​ប្រហារ​ជីវិត​ស្ត្រី​ច្រើន​ជាង​ប្រទេស​ដទៃ។ សកម្មជន​និយាយ​ថា អ្នក​ជាប់​ទោស​ច្រើន​នាក់​នេះ​ជា​ជនរងគ្រោះ​នៃ​ការ​រៀបការ​ដោយ​បង្ខំ ឬ​រំលោភបំពាន៕
ប្រែសម្រួលៈ ណៃ តុលា

To Top