ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតអាមេរិក ធ្វើទស្សនកិច្ចដ៏កម្រ ទៅកាន់កោះ ដាច់ស្រយាលរបស់ជប៉ុន ក្បែរកោះតៃវ៉ាន់

Kyodo

វ៉ាស៊ីនតោន ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុន បានធ្វើទស្សនកិច្ចដ៏កម្រមួយ ទៅកាន់កោះដាច់ស្រយាលចំនួនពីរ នៅភាគខាងត្បូង របស់ប្រទេសនេះ នៅជិតកោះតៃវ៉ាន់ ក្នុងការព្រមានជាក់ស្តែង ប្រឆាំងនឹងការកើនឡើង នៃការអះអាងរបស់ចិន នៅក្នុងដែនទឹកជុំវិញនោះ។

លោក Rahm Emanuel បានប្រាប់អ្នកយកព័ត៌មាន នៅលើកោះ Yonaguni ដែលជាកោះភាគខាងលិចបំផុត របស់ប្រទេសជប៉ុន ចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីភាគខាងកើតកោះតៃវ៉ាន់ថា “នៅពេលដែលអ្នកមិនមានការរារាំង វាជាការអនុញ្ញាត ឱ្យមានការបង្ខិតបង្ខំ និងការឈ្លានពានផ្នែកសេដ្ឋកិច្ច” ។

លោក Emanuel ដែលក្រោយមកបានចុះចត នៅលើកោះ Ishigaki ចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រភាគខាងកើតនៃកោះ Yonaguni បានជួបជាមួយអភិបាលក្រុង ក្នុងតំបន់ និងបានសង្កេតមើលកងយោធភូមិភាគ នៃកងកម្លាំងស្វ័យការពារដីគោក និងនាវាឆ្មាំឆ្នេរសមុទ្រជប៉ុន នេះបើយោងតាមប្រភពរដ្ឋាភិបាលជប៉ុន។ ប្រភពបានបន្ថែមថា លោកក៏បានផ្លាស់ប្តូរទស្សនៈជាមួយមន្ត្រីជាន់ខ្ពស់ GSDF និង JCG ផងដែរ។

កោះ Yonaguni និងកោះIshigaki គឺជាផ្នែកមួយ នៃខ្សែសង្វាក់កោះ Nansei ភាគនិរតីប្រទេស ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដោយសារវានៅជិតកោះតៃវ៉ាន់ ដែលជាចំណុចសំខាន់ នៃភូមិសាស្ត្រនយោបាយ។

ដោយចិនចាត់ទុកកោះតៃវ៉ាន់ ជាខេត្តដែលត្រូវបង្រួបបង្រួម ជាមួយដីគោកឡើងវិញដោយកម្លាំង បើចាំបាច់ ជប៉ុនបាននិងកំពុងពង្រឹងទាំង សមត្ថភាពការពាររបស់ខ្លួននៅក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការ សន្តិសុខជាមួយសហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top