ព័ត៌មានអន្តរជាតិ

Update: នាយក​រដ្ឋមន្ត្រី​ស្លូវ៉ាគី​លោក Robert Fico ដែលត្រូវគេបាញ់៤គ្រាប់ នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​

Sputnik

បរទេស៖ នាយក​រដ្ឋមន្ត្រី​ស្លូវ៉ាគី​លោក Robert Fico នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បន្ទាប់​ពី​បាន​រួច​ផុត​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​។ នេះ​បើ​តាម​លោក Robert Kalinak អនុប្រធាន​របស់​លោក​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Fico ត្រូវបានគេបាញ់ប្រហារកាលពីថ្ងៃពុធនៅកណ្តាលទីក្រុង Handlova នៃប្រទេសស្លូវ៉ាគី នៅពេលដែលលោកដើរចូលទៅជិតក្រុមអ្នកទស្សនា ហើយក៏មានមនុស្សម្នាក់បានដកកាំភ្លើងខ្លីមួយដើម ហើយបានបាញ់លើលោក Robert Fico ជាច្រើនគ្រាប់នៅចម្ងាយយ៉ាងជិត។ លោក Fico ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ហើយ​អ្នក​វាយ​ប្រហារ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​នឹង​កន្លែង។

លោក Kalinak ដែលបម្រើការជារដ្ឋមន្ត្រីការពារជាតិផងដែរបានថ្លែងបែបនេះទៅកាន់ប៉ុស្តិ៍ព័ត៌មាន TA3 នៅខាងក្រៅមន្ទីរពេទ្យ Roosevelt ក្នុង Banska Bystrica ជាកន្លែងដែលលោក Fico កំពុងត្រូវបានព្យាបាល។ លោកនៅតែមានសុទិដ្ឋិនិយមចំពោះការជាឡើងវិញរបស់នាយករដ្ឋមន្ត្រី។

លោក Kalinak បាន​និយាយ​ថា​៖ «​គាត់​ស្ថិត​ក្នុង​ស្ថានភាព​មាន​ស្ថិរភាព ប៉ុន្តែ​ការ​បាញ់​ប្រហារ​ចំនួន​បួន​គ្រាប់​បាន​បណ្តាល​ឲ្យ​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរ​។ លោកបាន​បន្ថែម​ថា លោក Fico បាន​ធ្វើ​ការ​វះ​កាត់​បន្ថែម ហើយ​វា​នៅ​តែ​អាច​មាន​ផលវិបាក។ លោកបញ្ជាក់ថា “ក្នុងករណីណាក៏ដោយ ស្ថានភាពរបស់គាត់គឺធ្ងន់ធ្ងរណាស់”៕
ប្រែសម្រួលៈ ណៃ តុលា

To Top