ព័ត៌មានអន្តរជាតិ

លោក Zelensky លំអិតសាជាថ្មី នូវសព្វាវុធ ដែលអ៊ុយក្រែន ត្រូវការនៅពេលបច្ចុប្បន្ន

រូបភាព៖ Afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក​ Vladimir Zelensky បាននិយាយថា អ៊ុយក្រែន កំពុងមានតម្រូវការនិងទាមទារ ប្រព័ន្ធការពារដែនអាកាស និងយន្តហោះចម្បាំង បន្ថែមទៀត ពីអ្នកគាំទ្រលោកខាងលិច ដើម្បីសម្រេចបាន សមភាពជាមួយរុស្ស៊ី។

លោក Zelensky បាន​ទទួល​ស្គាល់​ ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ AFP កាល​ពី​ថ្ងៃ​សុក្រ​ថា ទីក្រុង​មូស្គូ​មានសមត្ថភាព​ខ្ពស់ណាស់ នៅ​ក្នុង​ការ​ប្រយុទ្ធ​លើផ្ទៃ​មេឃ។គាត់បាននិយាយថា៖ខ្ញុំជឿថាថ្ងៃនេះ យើងមានប្រហែលជា២៥ភាគរយ នៃអ្វីដែលយើងត្រូវការ ដើម្បីការពារអ៊ុយក្រែន ប៉ុណ្ណោះ ហើយខ្ញុំកំពុងនិយាយអំពីការការពារដែនអាកាស។

មេដឹកនាំអ៊ុយក្រែន រូបនេះ បាននិយាយថា សម្រាប់យន្តហោះចម្បាំង ទីក្រុងគៀវគួរតែត្រូវបានផ្តល់ជូន យន្តហោះទំនើបចន្លោះពី ១២០ទៅ១៣០គ្រឿង ដើម្បីកុំឱ្យរុស្ស៊ី មានឧត្តមភាពលើអាកាស។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច របស់គាត់ទៅកាន់ទីក្រុងគៀវ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ផ្តោតយ៉ាងខ្លាំងលើការស្វែងរក និងការបញ្ជូនប្រព័ន្ធការពារ ដែនអាកាស Patriots និងប្រព័ន្ធការពារដែនអាកាស ផ្សេងទៀតទៅកាន់អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top