បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែនលោក Vladimri Zelensky បានអះអាងថា កងកម្លាំងរបស់ទីក្រុងគៀវ នឹងទទួលបានជោគជ័យបន្ថែមទៀត នៅលើសមរភូមិ ប្រសិនបើពួកគេ មិនត្រូវបានហាមឃាត់ មិនឱ្យប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារគោលដៅ នានា ក្នុងប្រទេសរុស្ស៊ីទេនោះ។
លោក Vladimir Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃសុក្រថាសមត្ថភាពរបស់រុស្ស៊ី ក្នុងការវាយលុកអ៊ុយក្រែន ពីដីរបស់ខ្លួនកំពុងផ្តល់ឱ្យទីក្រុងមូស្គូ នូវគែមនៅ
ក្នុងជម្លោះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានទៅធ្វើទស្សនកិច្ចនៅទីក្រុងគៀវកាលពីដើមសប្តាហ៍នេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនបានលើកទឹកចិត្ត ឬបើកការវាយប្រហារនៅខាងក្រៅអ៊ុយក្រែននោះទេ ប៉ុន្តែទីបំផុតអ៊ុយក្រែនត្រូវតែធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីរបៀបដែលខ្លួននឹងធ្វើសង្រ្គាមនេះ។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានបំភ្លឺថា ជំហររបស់ទីក្រុងវ៉ាស៊ីនតោន ដែលថាទីក្រុងគៀវ មិនគួរកំណត់គោលដៅលើប្រទេសរុស្ស៊ី ជាមួយនឹងអាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក នៅតែមិនផ្លាស់ប្តូរ។ លោកស្រី Singh បានសង្កត់ធ្ងន់ថា អាវុធបែបនេះអាចប្រើដើម្បី ដណ្តើមយកទឹកដីអធិបតេយ្យភាពអ៊ុយក្រែនមកវិញប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី