បរទេស៖ មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយ នៅថ្ងៃចន្ទបន្ទាប់ពីក្រុមស្វែងរក រកឃើញបំណែកឧទ្ធម្ភាគចក្រថា ក្តីសង្ឃឹមកំពុងរលត់ទៅដែលប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស អាចរួចរស់ជីវិតពីការ ធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ភ្នំ និងអាកាសធាតុត្រជាក់ នេះបើតាមមន្ត្រីអ៊ីរ៉ង់បាននិយាយ កាលពីថ្ងៃចន្ទបន្ទាប់ពីក្រុមរុករក បានរកឃើញបំណែកយន្តហោះនោះ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងផ្អែកតាមការលើកឡើង របស់មន្ត្រីរូបនេះបានប្រាប់រ៉យទ័រថា “ឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតី Raisi ត្រូវបានឆេះទាំងស្រុងនៅក្នុងការធ្លាក់… ជាអកុសល អ្នកដំណើរទាំងអស់ ត្រូវបានគេភ័យខ្លាចថាបានស្លាប់” ។
ក្រុមជួយសង្គ្រោះបានតស៊ូ ជាមួយខ្យល់បោកបក់ខ្លាំង និងស្ថានភាពលំបាកពេញមួយយប់ ដើម្បីទៅដល់កន្លែងដែលមាន បំណែកបាក់បែករបស់ឧទ្ធម្ភាគចក្រនៅខេត្ត East Azerbaijan នៅព្រឹកព្រលឹមថ្ងៃចន្ទ។
ប្រមុខអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ លោក Pirhossein Kolivand បានប្រាប់ទូរទស្សន៍រដ្ឋថា «យើងអាចមើលឃើញបំណែកឧទ្ធម្ភាគចក្រ ហើយស្ថានភាពមិនល្អទេ»។ ជាមួយនឹងការរកឃើញកន្លែងធ្លាក់ ក៏ ពុំមានសញ្ញានៃការរស់រានមានអាយុជីវិត ត្រូវបានរកឃើញក្នុងចំណោម អ្នកដំណើររបស់ឧទ្ធម្ភាគចក្រនោះដែរ ៕
ប្រែសម្រួលៈ ណៃ តុលា