បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស បានស្លាប់នៅក្នុងការធ្លាក់ ឧទ្ធម្ភាគចក្រនៅក្នុងលើដីភ្នំ និងអាកាសធាតុត្រជាក់។ នេះតាមមន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយថ្ងៃចន្ទ បន្ទាប់ពីក្រុមរុករករកឃើញ បំណែកយន្តហោះនៅខេត្ត East Azerbaijan។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានប្រាប់ Reuters ដោយសុំមិនបញ្ចេញឈ្មោះថា “ប្រធានាធិបតីលោក Raisi , រដ្ឋមន្ត្រីការបរទេស និងអ្នកដំណើរទាំងអស់នៅក្នុងឧទ្ធម្ភាគចក្រ បានស្លាប់ទាំងអស់គ្នា នៅក្នុងឧប្បតិហេតុធ្លាក់នោះ” ។
ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់បានបញ្ជាក់ពី ការស្លាប់ដោយរាយការណ៍ថា “អ្នកដំណើរទាំងអស់នៃឧទ្ធម្ភាគចក្រ ដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសត្រូវបានស្លាប់ហើយ” ។
មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់រ៉យទ័រថា ឧទ្ធម្ភាគចក្រដែលដឹកលោក Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amirabdollahian ត្រូវបានឆេះទាំងស្រុងនៅក្នុង ការធ្លាក់កាលពីថ្ងៃអាទិត្យ ៕
ប្រែសម្រួលៈ ណៃ តុលា