ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅអាហ្វហ្គានីស្ថាន កើនឡើង ដល់១២០នាក់ហើយ

Xinhua

កាប៊ុល៖ យ៉ាងហោចណាស់ មានមនុស្ស ចំនួន១២០នាក់បានស្លាប់ ដោយសារភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំង និងបង្កឲ្យមានគ្រោះទឹក ជំនន់កើតឡើងភ្លាមៗ នៅក្នុងខេត្ត Faryab ស្ថិតនៅភាគខាងជើង នៃប្រទេសអាហ្វហ្គានីស្ថាន និងខេត្ត Ghor ស្ថិតនៅភាគខាងលិច កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍កន្លងមកនេះ ។

លោក Shamsuddin Mohammadi ប្រធានផ្នែកវប្បធម៌ និង ព័ត៌មានខេត្ត បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ចំនួន៤៧នាក់ត្រូវបានស្លាប់ ដោយសារគ្រោះទឹកជំនន់កើតឡើងភ្លាមៗ នៅពេលយប់ថ្ងៃសៅរ៍ នៅក្នុងខេត្ត Faryab ។

មន្ត្រីមួយរូបទៀតក្នុងខេត្តបានរាយការណ៍មកថា មានអ្នកស្លាប់ចំនួន១៨នាក់ក្នុងខេត្តនេះក្នុងពេលថ្ងៃ នៅក្នុងថ្ងៃដដែល ។

លោក Mohammadi បានបញ្ជាក់ថា គ្រោះថ្នាក់ធម្មជាតិនេះបានកើតឡើង នៅក្នុងស្រុក Belcharagh, Chehalgazi និង Qarghan របស់ខេត្តខាងលើ ។ លោកបន្តថា ចំនួនជនរងគ្រោះអាចនឹង កើនឡើងថែមទៀត ។

លោក Abdul Wahid Hamas អ្នកនាំពាក្យអភិបាល ខេត្ត Ghor បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍នៅក្នុងខេត្ត Ghor បានកើនឡើងដល់៥៥នាក់ហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top