ព័ត៌មានអន្តរជាតិ

ចិន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់ ប្រធានាធិបតីអ៊ីរ៉ង់

Xinhua

អាស្ដាណា៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសលោក Hossein Amir-Abdollahian ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថានលោក Murat Nurtleu ។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា ភាគីចិនមានការសោកស្ដាយជាខ្លាំង នៅពេលដែលបានដឹងពីការ បញ្ជាក់ជាផ្លូវការរបស់អ៊ីរ៉ង់ថា លោក Raisi និងលោក Amir-Abdollahian បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុឧទ្ធម្ភាគចក្រ កាលពីពេលថ្មីៗនេះ ហើយបានផ្តល់ជូនការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ។

លោក វ៉ាង យី ក៏បានសម្តែងការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រ ចំពោះក្រុមគ្រួសារដែលបានស្លាប់បាត់បង់ជីវិត រដ្ឋាភិបាលអ៊ីរ៉ង់ និងប្រជាជនអ៊ីរ៉ង់ ដោយកត់សម្គាល់ថា លោក Raisi និងលោក Amir-Abdollahian បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងចិន-អ៊ីរ៉ង់ និងការរីកចម្រើននៃ កិច្ចសហប្រតិបត្តិការមិត្តភាពក្នុងតំបន់។

លោក វ៉ាង យី បានលើកឡើងថា បន្ទាប់ពីឧបទ្ទវហេតុនេះ ប្រទេសចិនបានជួយយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងត្រៀមខ្លួនជាស្រេចក្នុងការបន្តផ្តល់ជំនួយ ចាំបាច់ទាំងអស់ដល់ប្រទេសអ៊ីរ៉ង់ ដោយបង្ហាញការជឿជាក់ថា រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់នឹងអាចយកឈ្នះលើគ្រាដ៏លំបាកនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top