តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានសម្រេចចិត្តកាលពីថ្ងៃចន្ទថា ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីទី១៤ របស់ប្រទេសនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ។
កាលបរិច្ឆេទបោះឆ្នោត ត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមដោយអនុប្រធានទីមួយ របស់អ៊ីរ៉ង់លោក Mohammad Mokhber ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានាធិបតី ប្រធានតុលាការលោក Gholamhossein Mohseni-Ejei និងប្រធានសភាលោក Mohammad Baqer Qalibaf ព្រមទាំងអនុប្រធានផ្នែកច្បាប់លោក Mohammad Dehqan និងតំណាង ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់។
ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងសមាជិកមួយចំនួន នៃក្រុមអមដំណើររបស់លោករួមទាំងរដ្ឋមន្ត្រីការបរទេស លោក Hossein Amir-Abdollahian ត្រូវបានគេអះអាងថា បានស្លាប់ កាលពីព្រឹកថ្ងៃចន្ទ ខណៈដែលបំណែកនៃឧទ្ធម្ភាគចក្រ ដែលដឹកពួកគេត្រូវបានរកឃើញ បន្ទាប់ពីការធ្លាក់ ក្នុងអាកាសធាតុអាក្រក់ កាលពីថ្ងៃអាទិត្យនៅជិតខោនធី Varzaqan ចម្ងាយប្រហែល ៦៧០គីឡូម៉ែត្រ ឆ្ងាយពីទីក្រុងតេអេរ៉ង់។
យោងតាមមាត្រា ១៣១ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ីរ៉ង់ អនុប្រធានទីមួយនឹងកាន់តំណែង ជានាយកប្រតិបត្តិ ប្រសិនបើប្រធានាធិបតី មិនអាចបំពេញភារកិច្ច បានផងដែរ ប្រធានាធិបតីបណ្តោះអាសន្នមានកាតព្វកិច្ច ធ្វើការរៀបចំសម្រាប់ការបោះឆ្នោត ប្រធានាធិបតីថ្មីក្នុងរយៈពេលអតិបរមា ៥០ថ្ងៃ ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ អ្នកចូលរួមក៏បានកំណត់កាលវិភាគ សម្រាប់ដំណើរការបោះឆ្នោត រួមទាំងការបង្កើតគណៈប្រតិភូ ប្រតិបត្តិ ការចុះឈ្មោះបេក្ខជន និងការចាប់ផ្តើមយុទ្ធនាការបោះឆ្នោត នេះបើយោងតាម IRNA៕
ប្រែសម្រួល ឈូក បូរ៉ា