បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានច្រានចោលការលើកឡើងដែលថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាអាចត្រូវបានពិពណ៌នាថាជាអំពើប្រល័យពូជសាសន៍ ដោយបានរំលឹកឡើងវិញនូវការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងហ្សេរុយសាឡឹមខាងលិច ខណៈដែលលោកបានរៀបចំព្រឹត្តិការណ៍មួយសម្រាប់ខែមរតកជនជាតិអាមេរិកជ្វីហ្វនៅសេតវិមាន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan បានប្រកាសថា លោកកំពុងស្វែងរកដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ព្រមទាំងមេដឹកនាំក្រុមហាម៉ាស់ Yahya Sinwar លោក Mohammed Diab Ibrahim al- Masri និង Ismail Haniyeh ដោយចោទប្រកាន់ពួកគេពី “ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ។
ថ្លែងនៅសេតវិមាននៅថ្ងៃនោះ លោក Biden បានថ្កោលទោសចំពោះចំណាត់ការរបស់ ICC ក៏ដូចជាការចោទប្រកាន់ដាច់ដោយឡែកពីគ្នាដោយតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិថា សកម្មភាពរបស់អ៊ីស្រាអែលនៅហ្គាហ្សាអាចជាអំពើប្រល័យពូជសាសន៍។
លោក Joe Biden បានលើកឡើងថា “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ ផ្ទុយទៅនឹងការចោទប្រកាន់ប្រឆាំងនឹងអ៊ីស្រាអែល ដែលធ្វើឡើងដោយតុលាការយុត្តិធម៌អន្តរជាតិ, អ្វីដែលកំពុងកើតឡើងមិនមែនជាអំពើប្រល័យពូជសាសន៍ទេ។ យើងច្រានចោលរឿងនោះ»៕ ប្រែសម្រួលៈ ណៃ តុលា