បរទេស៖យោងតាមការចេញផ្សាយរបស់ RTប្រទេសអ៊ីរ៉ង់បានប្រកាសថាខ្លួននឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៨ខែមិថុនាខាងមុខបន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី Ebrahim Raisi ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីចុងសប្តាហ៍កន្លងមកនេះ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការសម្រេចចិត្តនេះត្រូវបានផ្សព្វផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាងប្រមុខនៃស្ថាប័នតុលាការ នីតិប្រតិបត្តិ និងអាជ្ញាធរនីតិប្បញ្ញត្តិរបស់សាធារណរដ្ឋ។
អនុប្រធានាធិបតី Mohammad Mokhber បានចូលកាន់តួនាទីជាប្រធានាធិបតីស្តីទីនៃប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការយល់ព្រមពីមេដឹកនាំកំពូល Ayatollah Ali Khamenei កាលពីថ្ងៃចន្ទក៏ប៉ុន្តែវាមិនច្បាស់ទេថាតើលោក Mokhber ខ្លួនឯងនឹងចូលរួមការប្រកួតប្រជែងនេះឬក៏យ៉ាងណា។
ក្នុងនោះការចុះឈ្មោះបេក្ខជននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ខែឧសភា ដល់ថ្ងៃទី៣ខែមិថុនា បន្ទាប់មកយុទ្ធនាការបោះឆ្នោតដែលគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២៧ខែមិថុនាដែលបុគ្គលនឹងត្រូវបានពិនិត្យដោយក្រុមប្រឹក្សាដែលជាអាណាព្យាបាល ដែលជាស្ថាប័នបព្វជិត និងនីតិបុគ្គលដែលមានសមាជិកចំនួន ១២ដែលកំពុងគ្រប់គ្រងការបោះឆ្នោត៕
ប្រែសម្រួល៖ស៊ុនលី