ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា នៅអាមេរិក មានមនុស្សច្រើននាក់ អត់ឃ្លានរហូតដល់ស្លាប់ ច្រើនជាងនៅហ្គាហ្សា

RT News

បរទេស៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា មានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ ដែលត្រូវបានបញ្ជាក់ជាផ្លូវការថា បានស្លាប់ដោយសារការអត់ឃ្លាន ក្នុងចំណោមជនស៊ីវិល ប៉ាឡេស្ទីននៅក្នុងតំបន់ ហ្គាហ្សា ជុំវិញដំណើរនៃសង្រ្គាមអ៊ីស្រាអែល ដែលកំពុងបន្តជាមួយក្រុមហាម៉ាស ដោយលោកបានច្រានចោល ការចោទប្រកាន់ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិថា ជាការភូតកុហក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋអាជ្ញាកំពូល របស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC លោក Karim Khan បានស្នើសុំដីកា សម្រាប់ទាំងលោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Yoav Gallant ដោយអះអាងថាមាន “ហេតុផលគួរជឿ” ដែលមន្ត្រីកំពូលៗ មានទោសពីបទ “បង្កការអត់ឃ្លានរបស់ជនស៊ីវិលជាវិធីសាស្រ្តមួយនៃសង្គ្រាមជាឧក្រិដ្ឋកម្មសង្គ្រាម” និង “ការសម្លាប់រង្គាល និង/ឬឃាតកម្ម… ក្នុងបរិបទនៃការស្លាប់ដែលបណ្តាលមកពីការអត់ឃ្លាន ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។

រដ្ឋអាជ្ញារបស់ ICC ក៏បានចោទប្រកាន់អ៊ីស្រាអែលពី “ការវាយប្រហារ ផ្សេងទៀតលើជនស៊ីវិល រួមទាំងអ្នកដែលតម្រង់ ជួរស្វែងរកអាហារ” ក៏ដូចជា “ការរារាំងការផ្តល់ ជំនួយដោយភ្នាក់ងារមនុស្សធម៌” ដែលជាការចោទប្រកាន់ ដែលត្រូវបានបដិសេធ យ៉ាងខ្លាំងក្លាដោយលោក Netanyahu នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN Jake Tapper កាលពីថ្ងៃអង្គារ។

លោក Netanyahu បានអះអាងថា “ ចូរយើងទទួលបន្ទុកនៃភាពអត់ឃ្លាននេះ៖ យើងបានដាក់អាហារ និងថ្នាំចំនួន ៥០ម៉ឺនតោនសម្រាប់ប្រជាជននេះ ។ យើងបានយករថយន្តដឹកជញ្ជូនចំនួន ២ម៉ឺនគ្រឿង។ យើងបានត្រួសត្រាយផ្លូវ ដើម្បីឱ្យរថយន្តទាំងនោះចូល។ យើងបានបើកច្រកព្រំដែនដែលក្រុម Hamas បានបិទ។ ខ្ញុំមានយន្តហោះទម្លាក់ជំនួយ ការផ្គត់ផ្គង់ផ្លូវសមុទ្រ” ។ ដូច្នេះ “ខ្ញុំមានន័យថា រឿងទាំងមូលគឺមិនសមហេតុផល។ អ្នកគួរតែដឹងរឿងនេះ ខ្ញុំមានន័យថា តម្លៃអាហារនៅហ្គាហ្សាបានធ្លាក់ ៨០ ភាគរយ, ទីផ្សារមិនកុហកទេ»។

លោកបន្តថា «ខ្ញុំគិតថា ២៣ ករណី ឬ ៣០ ករណីនៃកង្វះអាហារូបត្ថម្ភក្នុងចំនួនប្រជាជន ២ លាននាក់… មិនអីទេ សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ មានអ្នកស្លាប់ដោយសារ កង្វះអាហារូបត្ថម្ភចំនួន ២០.០០០នាក់ ដែលចំនួននេះ គឺច្រើនជាងនៅហ្គាហ្សាបីដងឯណោះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top