ម៉ូស្គូ៖ កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ី បានប្រកាសពីការចាប់ផ្តើមសមយុទ្ធអាវុធ នុយក្លេអ៊ែរនៅជិតប្រទេសអ៊ុយក្រែន ជាអ្វីដែលខ្លួនបានហៅថា គឺជាការឆ្លើយតបទៅនឹង “ការគំរាមកំហែង” របស់លោកខាងលិច ។
ឆ្លងកាត់ការវាយលុកអស់រយៈពេល ២ឆ្នាំរបស់ខ្លួន មកលើប្រទេសអ៊ុយក្រែន ក្រុងម៉ូស្គូ បានឲ្យដឹងដដែលអំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងការត្រៀមខ្លួនដើម្បីដាក់ ពង្រាយអាវុធទាំងនោះ ប្រសិនបើប្រទេសនេះដឹងថា មានការគំរាមកំហែងដែលមាន ស្រាប់កើតឡើងចំពោះប្រទេសខ្លួន ។
ប្រទេសលោកខាងលិចបានចោទប្រកាន់ ទៅលើប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ពីបទបង្កអាវុធនុយក្លេអ៊ែរមិនទទួលខុសត្រូវ ។
ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា សមយុទ្ធនេះកំពុងធ្វើឡើង នៅក្នុងស្រុកយោធាស្ថិតនៅភាគខាងត្បូងរបស់ខ្លួន ដែលមានព្រំប្រទល់ជាប់ និងរាប់បញ្ចូលទាំងផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន ដែលក្រុងម៉ូស្គូអះអាងថា បានដាក់បញ្ចូល តែមិនបានបញ្ជាក់ច្បាស់ថា នៅកន្លែងណានោះទេ ។
ក្រសួងការពារជាតិបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះត្រូវបាន រៀបចំឡើងដើម្បីសាកល្បង “ការត្រៀមខ្លួនរបស់បុគ្គលិក និងឧបករណ៍របស់អង្គភាពប្រយុទ្ធ អាវុធនុយក្លេអ៊ែរដែលមិនមែនជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតប និងធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់រដ្ឋរុស្ស៊ី ដោយគ្មានលក្ខខណ្ឌអ្វីនោះឡើយ” ។
ក្រសួងខាងលើបានឲ្យដឹងទៀតថា ការប្រើប្រាស់អាវុធទាំងនេះ គឺជា “ការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលបបង្កហេតុ និងការគំរាមកំហែងដោយ មន្ត្រីលោកខាងលិចមួយចំនួន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា