ព័ត៌មានអន្តរជាតិ

អង់គ្លេសចោទចិនថា កំពុងផ្តល់ជំនួយយោធា ដល់រុស្ស៊ី

Xinhua

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បានចោទប្រកាន់លើប្រទេសចិនថា បានរៀបចំ ឬផ្តល់ជំនួយ យោធាដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ។ ទីក្រុងប៉េកាំងបានបដិសេធម្តងហើយម្តងទៀតថា មិនបានចូលរួមក្នុងជម្លោះ អ៊ុយក្រែនទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Shapps បានប្រាប់សន្និសីទនៅទីក្រុងឡុងដ៍ កាលពីថ្ងៃពុធថា “ថ្ងៃនេះ ខ្ញុំអាចបង្ហាញឱ្យឃើញថា យើងមានភស្តុតាងដែលថារុស្ស៊ី និងចិនកំពុងសហការគ្នា លើឧបករណ៍ ប្រយុទ្ធសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន” ។

លោក Shapps បន្ថែមថា “ជំនួយធុនធ្ងន់ឥឡូវនេះ ឬនឹងត្រូវបានហូរចេញពីប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ី និងទៅកាន់អ៊ុយក្រែន [ហើយ] ខ្ញុំគិតថាវាគឺជាការអភិវឌ្ឍន៍ដ៏សំខាន់មួយ” ។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស រូបនេះ មិនបានបញ្ជាក់លម្អិតបន្ថែម ឬផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងរបស់លោកទេ។

សូមជម្រាបថា សហរដ្ឋអាមេរិកបាន ដាក់ទណ្ឌកម្មក្រុមហ៊ុនចិនជាង ១០០រួចហើយ សម្រាប់ការចោទប្រកាន់ថា បណ្តាក្រុមហ៊ុនទាំងនោះបានផ្គត់ផ្គង់ រុស្ស៊ីនូវទំនិញ និងគ្រឿងបន្លាស់ ការប្រើប្រាស់ពីរដង’ ដែលជាពាក្យដែលសំដៅលើវត្ថុដូចជាឧបករណ៍រុករក និងឧបករណ៍ម៉ាស៊ីនដែលមាន ទាំងកម្មវិធីស៊ីវិល និងយោធា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីខែមុន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានគំរាមចាត់ “វិធានការបន្ថែម” ប្រសិនបើការចោទប្រកាន់ថា ការផ្ទេរសមាសភាគទាំងនេះនៅតែបន្ត៕
ប្រែសម្រួលៈ ណៃ តុលា

To Top