ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងសហការ ជាមួយតុលាការ ICC ប្រសិនបើដីកាចាប់ខ្លួន មេដឹកនាំអ៊ីស្រាអែល ត្រូវបានចេញជាស្ថាពរ

RT News

បរទេស ៖ រដ្ឋាភិបាលរបស់អធិការ បតីអាល្លឺម៉ង់ លោក Olaf Scholz បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងសហការជាមួយតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រសិនបើសំណើសុំដីកាចាប់ខ្លួន ត្រូវបានចេញប្រឆាំង នឹងមេដឹកនាំអ៊ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម ប្រឆាំងនឹងប៉ាឡេស្ទីន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ អ្នកនាំពាក្យរដ្ឋាភិបាល លោក Steffen Hebestreit ត្រូវបានសួរថាតើទីក្រុងប៊ែរឡាំង នឹងអនុវត្តតាមដីកាចាប់ខ្លួន ICC ប្រឆាំងនឹងនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu ដែរឬទេ។

លោក Steffen Hebestreit បានឆ្លើយតបថា៖ «ពិតណាស់ បាទ យើងគោរពតាមច្បាប់។ ការថ្លែងនេះបានធ្វើឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំទីក្រុងប៊ែរឡាំង លោក Ron Prosor បានជំរុញឱ្យរដ្ឋបាល របស់ Scholz ប្រឆាំងនឹងដីការរបស់តុលាការ ICC។

ប្រធានរដ្ឋអាជ្ញារបស់តុលាការ ICC លោក Karim Khan បានដាក់សំណើកាលពីថ្ងៃច័ន្ទសម្រាប់សុំដីកាចាប់ខ្លួនលោក Netanyahu , រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Yoav Gallant និងមេដឹកនាំក្រុម Hamas បីនាក់ទៀត ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិនៅក្នុងជម្លោះ Gaza ៕
ប្រែសម្រួលៈ ណៃ តុលា

To Top