ព័ត៌មានអន្តរជាតិ

បុគ្គលិកថែទាំ យន្ដហោះចម្បាំងធុន F-16 ត្រឡប់ទៅអ៊ុយក្រែនវិញ បន្ទាប់ពីហ្វឹកហាត់នៅបរទេស

AFP

គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យយោធាម្នាក់ បានឲ្យដឹងថា បុគ្គលិកយោធាអ៊ុយក្រែន ដែលបានបញ្ចប់ការហ្វឹកហ្វឺន សម្រាប់ការថែទាំយន្តហោះចម្បាំងធុន F-16 បានត្រឡប់ទៅកាន់អ៊ុយក្រែនវិញហើយ។

លោក Ilya Yevlash អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងថា អ្នកឯកទេសថែទាំយន្ដហោះចម្បាំងធុន F-16 ដំបូងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេ ជាមួយបុគ្គលិកផ្សេងទៀតនៅអ៊ុយក្រែន។

លោក Yevlash បានលើកឡើងថា អ៊ុយក្រែនបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់យន្តហោះចម្បាំង F-16 ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា “យើងកំពុងរង់ចាំការមកដល់ នៃយន្តហោះចម្បាំងទាំងនេះ ដែលនឹងអាចបំពេញការងារផ្សេងៗ នៅក្នុងដែនអាកាសអ៊ុយក្រែន”។

យោងតាមលោក ​​Yevlash អ៊ុយក្រែននឹងប្រើប្រាស់យន្តហោះចម្បាំងធុន F-16 សម្រាប់គោលបំណងការពារដែនអាកាស និងសម្រាប់ការវាយប្រហារ តាមអាកាសលើទីតាំងយោធា និងផ្លូវដឹកជញ្ជូនរបស់រុស្ស៊ី។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថា កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិហូឡង់ បានអះអាងថា ទាហានអ៊ុយក្រែន ចំនួន ១០នាក់ បានបញ្ចប់ការហ្វឹកហ្វឺន ថែទាំយន្តហោះចម្បាំងធុន F-16 នៅក្នុងប្រទេសហូឡង់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top