ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ នឹងរឹបអូសយកទ្រព្យសម្បត្តិ ដែលគ្រប់គ្រងដោយអង្គភាព និងពលរដ្ឋដែលជាប់ពាក់ព័ន្ធ ជាមួយសហរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី

Sputnik

បរទេស៖ ទីក្រុងមូស្គូអាចនឹងរឹបអូសយកទ្រព្យសម្បត្តិ ដែលគ្រប់គ្រងដោយអង្គភាព និងពលរដ្ឋដែលជាប់ពាក់ព័ន្ធជាមួយ សហរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងវ៉ាស៊ីនតោនព្យាយាម រឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលកំពុងត្រូវបានបង្កកនៅបរទេស ។ នេះបើយោងតាមក្រឹត្យដែលចុះហត្ថលេខា ដោយប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនាពេលនេះ កំពុងរៀបចំវិធីប្រើប្រាស់មូលនិធិ ដែលបង្កើតដោយទ្រព្យសម្បត្តិ អធិបតេយ្យភាពរុស្ស៊ីប្រមាណ ៣០០ ពាន់លានដុល្លារ ដែលបង្កកនៅលោកខាងលិច ដើម្បីជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែនប្រឆាំងនឹងទីក្រុងមូស្គូ។

ឯកសារដែលបានចេញផ្សាយ ដោយវិមានក្រឹមឡាំងបានរៀបរាប់ អំពីយន្តការនាពេលអនាគត ដែលនឹងអនុញ្ញាតឱ្យការខូចខាត ណាមួយដែលបង្កឡើងដោយសហរដ្ឋអាមេរិក គឺត្រូវបានទូទាត់សងដោយទ្រព្យសម្បត្តិ ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកផ្ទាល់ ឬអង្គភាពពាក់ព័ន្ធ។ រដ្ឋាភិបាលរុស្ស៊ី និងធនាគារកណ្តាល នឹងផ្តល់សិទ្ធិអំណាចក្នុងការស្វែងរកសំណង សម្រាប់ការខាតបង់បែបនេះតាមរយៈតុលាការរុស្ស៊ី ។

អ្នកដែលអាចប្រឈមមុខ នឹងសកម្មភាពដ៏មានសក្តានុពលប្រឆាំង នឹងទ្រព្យសម្បត្តិរបស់ពួកគេរួមមាន ពលរដ្ឋអាមេរិក ឬអ្នកដែលរស់នៅក្នុងប្រទេស ឬអ្នកដែលធ្វើអាជីវកម្មភាគច្រើនរបស់ពួកគេ ឬបង្កើតប្រាក់ចំណេញភាគច្រើន របស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី។ ទ្រព្យសម្បត្តិរបស់ប្រជាជន “ស្ថិតនៅក្រោមការគ្រប់គ្រង” របស់បុគ្គលបែបនេះក៏នឹងត្រូវទទួលខុសត្រូវផងដែរ ដោយមិនគិតពីសញ្ជាតិ និងទីលំនៅរបស់ពួកគេឡើយ ។

តុលាការនឹងអាចផ្តល់សំណងជា ទម្រង់នៃទ្រព្យសម្បត្តិដែលមានវត្តមាន នៅក្នុងប្រទេសរុស្ស៊ី ភាគហ៊ុននៅក្នុងអាជីវកម្មដែល បានចុះបញ្ជីនៅប្រទេសរុស្ស៊ី និងសិទ្ធិអចលនទ្រព្យ។ គណៈកម្មការរបស់រដ្ឋាភិបាល នឹងទទួលខុសត្រូវក្នុងការចងក្រងបញ្ជីឈ្មោះអ្នក ដែលអាចត្រូវបានកំណត់ គោលដៅសម្រាប់សំណង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top