ព័ត៌មានអន្តរជាតិ

ពលរដ្ឋប៉ាឡេស្ទីន ១២នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែល ទៅលើមជ្ឈមណ្ឌលចែកចាយជំនួយ នៅតំបន់ហ្គាហ្សា

Xinhua

ហ្គាហ្សា៖ ប្រភពសន្តិសុខ និងវេជ្ជសាស្ត្រប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើមជ្ឈមណ្ឌលចែកចាយជំនួយមួយនៅកណ្តាលតំបន់ហ្គាហ្សា។

ប្រភពសន្តិសុខបានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថាយន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅកណ្តាលនៅភាគខាងកើតនៃទីក្រុង Deir al-Balah ដោយមីស៊ីលមួយគ្រាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពវេជ្ជសាស្ត្របានឲ្យដឹងទៀតថា សាកសពរបស់អ្នកស្លាប់ រួមជាមួយនឹងអ្នករបួសជាច្រើននាក់ផ្សេងទៀត ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង។

ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សាបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ពីការផ្អាកសេវាសុខភាពនៅមន្ទីរពេទ្យ Al-Aqsa ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ដោយសារការថយចុះនៃប្រេងឥន្ធនៈ ដែលបណ្តាលឱ្យអ្នកជំងឺរាប់សិបនាក់ប្រឈមនឹងការស្លាប់។

អាជ្ញាធរបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានអំពាវនាវឱ្យមានការបញ្ជូនប្រេងឥន្ធនៈជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយ។

អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top