យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានទទួលសារព្រមានចំនួន៤ ផ្សេងគ្នាពីនាយកដ្ឋានស៊ើបការណ៍យោធា មុនពេលការវាយប្រហាររបស់ពួកហាម៉ាស់ នៅថ្ងៃទី០៧ ខែតុលាឆ្នាំមុន។
យោងតាម IDF “សារទាំងបួន ដែលបានផ្ញើនៅចន្លោះខែមីនា និងខែកក្កដាឆ្នាំមុន បានបង្ហាញពីរបៀបដែលសត្រូវរបស់អ៊ីស្រាអែល នៅក្នុងគ្រប់សង្វៀនបានមើលឃើញពីគ្រោះថ្នាក់ដល់ការរួបរួមនៅក្នុងអ៊ីស្រាអែល និង IDF ជាពិសេស”។
ឯកសារយោងត្រូវបានរួមបញ្ចូលនៅក្នុងការឆ្លើយតបជាផ្លូវការរបស់ IDF ទៅកាន់អង្គការមិនមែនរដ្ឋាភិបាលរបស់អ៊ីស្រាអែល Hatzlacha បន្ទាប់ពីអ្នកបន្ទាប់បានដាក់ពាក្យស្នើសុំការបង្ហាញព័ត៌មានពីយោធាស្ថិតនៅក្រោមច្បាប់។
ការិយាល័យនាយករដ្ឋមន្ត្រី បានច្រានចោលការអះអាងរបស់ IDF នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនិយាយថាវា “ផ្ទុយពីការពិត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពបានឲ្យដឹងថា “ឯកសារយោងពីរនៅក្នុងឯកសារស៊ើបការណ៍សម្ងាត់ចំនួនបួនបានចង្អុលបង្ហាញថា ក្រុមហាម៉ាស់ មិនចង់វាយប្រហារអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីបនោះទេហើយថាខ្លួនពេញចិត្តនឹងការរៀបចំដោយសន្តិភាព” ។
ប្រភពក៏បានអះអាងផងដែរថា “ស្ថាប័នសន្តិសុខទាំងអស់បានគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវការវាយតម្លៃទាំងនេះថាក្រុមហាម៉ាស់ មិនចាប់អារម្មណ៍នឹងការកើនឡើងនោះទេ ក្រៅតែពីការឈានដល់ការរៀបចំជាមួយអ៊ីស្រាអែល ប៉ុន្ដែក្រុមហាម៉ាស់ ត្រូវបានរារាំង”៕ ប្រែសម្រួល ឈូក បូរ៉ា