បរទេស៖ ការិយាល័យរបស់ប្រធានាធិបតី បាននិយាយថា ប្រធានាធិបតីឆែក លោក Petr Pavel ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យប្រធានាធិបតីបានប្រកាសនៅលើ X (អតីត Twitter) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អ្នកនយោបាយអាយុ ៦២ ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យយោធា Prague (UVN) បន្ទាប់ពីឧប្បត្តិហេតុគ្រោះថ្នាក់នេះ។
សេចក្តីថ្លែងការណ៍បានអានថា “របួសមិនធ្ងន់ធ្ងរទេ ប៉ុន្តែនឹងតម្រូវឱ្យមានការសង្កេតខ្លីមួយនៅក្នុងមន្ទីរពេទ្យយោធា UVN” ។ “យើងនឹងផ្សព្វផ្សាយព័ត៌មានបន្ថែមទៀតនៅពេលដែលមាន។”
ស្ថានភាពនៃឧបទ្ទវហេតុនេះមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប៉ូលិសឆែក បានបញ្ជាក់ថា ដោយសាររបួសបានកើតឡើងនៅទីលានកីឡាឯកជន ហើយមិនមែននៅលើផ្លូវសាធារណៈនោះទេ ពួកគេមិនបានចាត់ទុកវាជាគ្រោះថ្នាក់ចរាចរណ៍នោះទេ៕ ប្រែសម្រួលៈ ណៃ តុលា