បរទេស៖ មន្ត្រីបាននិយាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin គ្រោងនឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីជួបពិភាក្សាជាមួយសមភាគីចិននៅក្នុងសន្និសីទសន្តិសុខប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី។
យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្របាននិយាយថា លោក Austin នឹងធ្វើដំណើរនៅសប្តាហ៍ក្រោយទៅកាន់ប្រទេសសិង្ហបុរី កម្ពុជា និងបារាំង។
លោកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីបានចូលរួមកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី។ ក្រសួងការពារជាតិបាននិយាយទៀតថា ក្នុងចំណោមកិច្ចពិភាក្សាដែលលោកកំពុងរៀបចំនោះ មានមួយជាមួយសមភាគីចិនរបស់លោក Adm. Dong Jun ។ ការជួបគ្នានេះនឹងក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងដែលបានធ្លាក់ចុះចំពោះគោលនយោបាយឈ្លានពានរបស់ក្រុងប៉េកាំងចំពោះកោះតៃវ៉ាន់និងការទាមទារទឹកដីដ៏ធំរបស់ខ្លួន (ចិន) នៅសមុទ្រចិនខាងត្បូង។
ទំនាក់ទំនងអាមេរិកជាមួយកម្ពុជាបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំមកហើយ មួយផ្នែកធំដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងភ្នំពេញជាមួយប្រទេសចិន។ ទីក្រុងវ៉ាស៊ីនតោនក៏បានរិះគន់ផងដែរអំពីអ្វីដែលខ្លួនមើលឃើញថាជាកំណត់ត្រាសិទ្ធិមនុស្សអន់ថយរបស់កម្ពុជា ដែលបានមើលឃើញការបន្តការគៀបសង្កត់លើអ្នកប្រឆាំងនិងអ្នករិះគន់។
កម្ពុជាគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភជាពិសេសថា មូលដ្ឋានទ័ពជើងទឹកនៅភាគខាងត្បូងប្រទេសកម្ពុជានៅលើឈូងសមុទ្រថៃដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងជំនួយរបស់ចិន គឺដើម្បីបម្រើជាច្រកយុទ្ធសាស្ត្រសម្រាប់កងទ័ពជើងទឹករបស់ប្រទេសចិន៕ ប្រែសម្រួលៈ ណៃ តុលា