ព័ត៌មានអន្តរជាតិ

មនុស្សជាង ៦៧០នាក់ ប្រឈមនឹងការស្លាប់ ក្នុងហេតុការណ៍បាក់ដី នៅប៉ាពួញូហ្គីណេ

kyodo

បរទេស៖ សារព័ត៌មាន Australian Broadcasting Corp បានដកស្រង់សម្តីមន្ត្រី អង្គការសហប្រជាជាតិ បានកាលពីថ្ងៃអាទិត្យថា មនុស្សជាង ៦៧០នាក់ ត្រូវបានគេភ័យខ្លាចថា បានស្លាប់នៅក្នុងការរអិល បាក់ដីនៅប៉ាពួញូហ្គីណេ ។

គ្រោះមហន្តរាយនេះបានកើតឡើងនៅក្នុងខេត្ត Enga ដាច់ស្រយាលនៅតំបន់ខ្ពង់រាប របស់ប្រទេសកាលពីថ្ងៃសុក្រ ដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានប៉ាន់ប្រមាណជាបឋមថា ចំនួនអ្នកស្លាប់ប្រហែល ៣០០នាក់ បន្ទាប់ពីផ្ទះ និងអគារជាច្រើនត្រូវបានកប់នៅក្រោមគំនរបាក់បែកជាច្រើនម៉ែត្រ។

ទោះជាយ៉ាងណាក៏ដោយ ទំហំ នៃផលប៉ះពាល់គឺធំជាងការគិតដំបូង នេះបើយោងតាមប្រធានបេសកកម្មរបស់អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុកនៅ ប្រទេសប៉ាពួញូហ្គីណេ លោក Serhan Aktoprak ដែលបានប៉ាន់ប្រមាណចំនួនអ្នកស្លាប់លើសពី ៦៧០នាក់កាលពីថ្ងៃអាទិត្យ ជាមួយនឹងផ្ទះជាង ១៥០ខ្នង។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដែលកំពុងបន្តត្រូវបានរារាំងដោយស្ថានភាពលំបាក ដោយដីជុំវិញតំបន់គ្រោះមហន្តរាយនៅតែមានគ្រោះថ្នាក់ និងមិនមានស្ថេរភាព។ មកទល់ពេលនេះ មានតែសាកសពចំនួន ៥នាក់ប៉ុណ្ណោះ ត្រូវបានគេរកឃើញ។

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មាន​ភាព​ស្មុគស្មាញ​បន្ថែម​ទៀត​ដោយ​ សង្រ្គាម​កុលសម្ព័ន្ធ​ជាមួយ​នឹង​ក្តី​បារម្ភ​អំពី​សុវត្ថិភាព​នៃ​ក្បួន​ជំនួយ។ អំពើហឹង្សាបែបនេះនៅក្នុងខេត្ត Enga បានឆក់យកជីវិតមនុស្ស រាប់សិបនាក់រួចមកហើយក្នុងឆ្នាំនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top