ព័ត៌មានអន្តរជាតិ

មនុស្ស ៤០នាក់ ត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួន នៅក្នុងទីក្រុងរ៉ាហ្វា

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤០នាក់បានស្លាប់ និងមួយចំនួនទៀត រងរបួសកាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតង់ជនភៀសខ្លួននៅភាគពាយ័ព្យទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត នៃហ្គាហ្សាស្ទ្រីប។

ប្រភពពី WAFA បានបន្ថែមថា កងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅលើតង់ជនភៀសខ្លួន នៅក្បែរឃ្លាំងរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) នៅទីនោះ។

សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាការបាញ់ផ្លោងបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ហើយមនុស្សជាច្រើនត្រូវបានបញ្ជូនទៅគ្លីនិក និងមន្ទីរពេទ្យវាលនៅជិតសមុទ្រក្នុងទីក្រុងរ៉ាហ្វា។

ប្រភពពី PRCS បានបន្ថែមថា បច្ចុប្បន្ននេះ បុគ្គលជាច្រើននៅតែជាប់នៅក្រោមអណ្តាតភ្លើង និងនៅក្នុងតង់ជនភៀសខ្លួន ដែលត្រូវបានបំផ្លាញ ដោយការទម្លាក់គ្រាប់បែក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top