បរទេស៖ អ៊ីស្រាអែល បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីជនភៀសខ្លួន ប៉ាឡេស្ទីនយ៉ាងតិច ៤៥ នាក់ត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហារ កាលពីថ្ងៃអាទិត្យរបស់កងកម្លាំង ការពារអ៊ីស្រាអែល (IDF) ទៅលើទីក្រុង Rafah ភាគខាងត្បូង Gazan ដែលមានមនុស្សច្រើនលើសលប់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសារព័ត៌មាន ABC News កម្ទេចគ្រាប់ចេញពីការវាយប្រហារតាមអាកាស បានធ្វើឲ្យឆាបឆេះធុង សាំងមួយនៅចម្ងាយ ១០០ ម៉ែត្រពីគោលដៅដែលបានគ្រោងទុក បង្កជាអគ្គីភ័យដ៏ធំមួយនៅលំនៅដ្ឋាន របស់អ្នកដែលផ្លាស់ទីលំនៅ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលស្គាល់ការ ស្លាប់របស់ជនស៊ីវិល នៅក្នុងសុន្ទរកថាទៅកាន់សភាអ៊ីស្រាអែលកាលពីថ្ងៃចន្ទ។ លោកបាននិយាយថា៖ «ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការការពារជនស៊ីវិលស្លូតត្រង់ក៏ដោយ ក៏នៅយប់មិញមានកំហុសដ៏សោកនាដកម្មមួយ»។ យើងកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ហើយនឹងទទួលបានការសន្និដ្ឋាន ព្រោះនេះជាគោលការណ៍របស់យើង»។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីមុនថា ការវាយប្រហារនៅតំបន់ Tel Sultan បានសម្លាប់មន្ត្រីជាន់ខ្ពស់ហាម៉ាសពីរនាក់ រួមទាំងមេបញ្ជាការនៃទីស្នាក់ការកណ្តាលតំបន់ West Bank របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា