ដាកា៖ រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយរបស់រដ្ឋ Md Mohibur Rahman បាននលើកឡើងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់បានស្លាប់ ដោយសារព្យុះស៊ីក្លូន Remal ដែលបានបោកបក់មកលើតំបន់ឆ្នេរសមុទ្រ នៃប្រទេសបង់ក្លាដេស ហើយបានថយឥទ្ធិពលវិញ ប្រែក្លាយទៅជាព្យុះត្រូពិច ។
មន្ត្រីខាងលើនេះបានប្រាប់ដល់ សន្និសីទសារព័ត៌មានក្នុងរដ្ឋធានីដាកាថា “យើងបានដឹងថា មនុស្សចំនួន១០នាក់ បានស្លាប់នៅក្នុងស្រុកឆ្នេរសមុទ្រចំនួន៦ ដោយសារតែព្យុះស៊ីក្លូន” ។
លោកបានបញ្ជាក់ថា មនុស្សរាប់លាននាក់ នៅក្នុងស្រុកបង់ក្លាដេសចំនួន១៩ ត្រូវបានរងផលប៉ះពាល់ដោយព្យុះដ៏ខ្លាំងក្លានេះ ដោយលោកបានបន្ថែមថា ផ្ទះសរុបចំនួន១៤៨.៥៣៣ខ្នងត្រូវបានខូចខាតទាំងស្រុង ឬដោយផ្នែកខ្លះ ។
គាត់បានលើកឡើងឲ្យដឹងថា ការជម្លៀសប្រជាជនជិត ១លាននាក់ នៅតែប៉ុន្មានម៉ោងមុនពេលព្យុះស៊ីក្លូន បានបោកបក់កាលពីយប់ថ្ងៃអាទិត្យ ដោយបានទប់ស្កាត់មិនឲ្យមាន ការបាត់បង់អាយុជីវិតកាន់តែច្រើនទៀតនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា