សេអ៊ូល ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណប ឈ្លបយកការណ៍យោធា ប៉ុន្តែបរាជ័យក្នុងការដាក់វាចូល ទៅក្នុងគន្លងដោយសារ តែបញ្ហាម៉ាស៊ីន ដែលជំរុញឱ្យប្រទេសជប៉ុនថ្កោលទោស ចំពោះការបាញ់មីស៊ីល ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង ។
រ៉ុក្កែតដឹកផ្កាយរណប បានផ្ទុះនៅកណ្តាល អាកាសបន្ទាប់ពីការបាញ់បង្ហោះ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានកណ្តាលកូរ៉េ។ ឧបទ្ទវហេតុនេះបានកើតឡើង បន្ទាប់ពីកូរ៉េខាងជើង បានជូនដំណឹង ដល់ប្រទេសជប៉ុន អំពីផែនការបាញ់បង្ហោះរ៉ុក្កែតមុនថ្ងៃទី០៤ ខែមិថុនា និងបន្ទាប់ពីប្រទេសជិត ខាងបានរៀបចំកិច្ចប្រជុំកំពូលត្រីភាគី នៅទីក្រុងសេអ៊ូល។
កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណប ឈ្លបយកការណ៍លើកចុងក្រោយក្នុងខែវិច្ឆិកា ហើយបានឲ្យដឹងថាខ្លួនគ្រោងនឹងបាញ់បង្ហោះបីទៀតនៅឆ្នាំនេះ។ ប្រទេសនេះត្រូវបានហាមឃាត់ ដោយដំណោះ ស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពីការបាញ់បង្ហោះណាមួយដោយ ប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង ។
យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កាំជ្រួចនេះត្រូវបានបាញ់កាលពីថ្ងៃចន្ទវេលាម៉ោងប្រហែល ១០ និង៤៤នាទីយប់ពីតំបន់ Tongchang-ri នៅភាគពាយ័ព្យនៃប្រទេស។
ប្រភពបានបន្ថែមថា ប្រហែល ម៉ោង ១០ និង៤៦នាទី យប់ កំទេចកំទីត្រូវបានរកឃើញនៅក្នុងដែនទឹកកូរ៉េខាងជើង នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ក្រោយមកទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ នៅថ្ងៃចន្ទនេះថា “គ្រោះថ្នាក់” មួយបានកើតឡើង ក្នុងអំឡុងពេលនៃការបាញ់បង្ហោះ ផ្កាយរណបឈ្លបយកការណ៍យោធា Malligyong-1-1 ។
ការវាយតម្លៃបឋមបានសន្មតថាឧបទ្ទវហេតុនេះថាជា “ភាពជឿជាក់នៃប្រតិបត្តិការរបស់ម៉ាស៊ីនអុកស៊ីសែនរាវបូកនឹងប្រេង ដែលបានអភិវឌ្ឍថ្មី” នេះបើយោងតាម KCNA៕
ប្រែសម្រួល ឈូក បូរ៉ា