មូស្គូ៖ ឧត្តមសេនីយ៍ Vladimir Kulishov អនុប្រធានទី១ នៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី និងជាប្រធានសេវាព្រំដែន បានអះអាងថា អង្គការណាតូ កំពុងអនុវត្តការវាយប្រហារនុយក្លេអ៊ែរ ប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបើតាមការបញ្ជាក់របស់ ។
លោកបានលើកឡើងថា “នៅជិតព្រំដែនរុស្ស៊ី សកម្មភាពឈ្លបយកការណ៍របស់អង្គការណាតូកំពុងកើនឡើង ហើយអាំងតង់ស៊ីតេនៃការហ្វឹកហ្វឺនប្រតិបត្តិការប្រយុទ្ធរបស់កងទ័ពសម្ព័ន្ធមិត្តកំពុងកើនឡើង ក្នុងអំឡុងពេលនោះ សេណារីយ៉ូ សម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងសហព័ន្ធរុស្ស៊ី កំពុងត្រូវបានអនុវត្ត រួមទាំងការចាប់ផ្តើមការវាយប្រហារនុយក្លេអ៊ែរនៅលើទឹកដីរបស់យើង” ។
លោកបន្ដថា “ទាំងអស់នេះតម្រូវឱ្យយើងចាត់វិធានការឱ្យបានគ្រប់គ្រាន់ ដើម្បីការពារនិងធានាព្រំដែនរបស់យើង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោធារុស្ស៊ី មុននេះបានចាប់ផ្តើមធ្វើសមយុទ្ធយោធា ដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជា “ការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងរបស់មន្ត្រីលោកខាងលិចម្នាក់ៗប្រឆាំងនឹងសហព័ន្ធរុស្ស៊ី” នេះបើយោងតាមក្រសួងការពារជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា