ភ្នំពេញ៖ តាមរយៈជំនួបតាមវីដេអូ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន ថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះត្រូវតែមានវត្តមានតួអង្គរុស្ស៊ី ។
សម្តេចតេជោ បានសំដែងនូវក្តីរីករាយដែលបានជួប លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) តាមប្រព័ន្ធវីដេអូ និង សម្ដែងនូវការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលបានកើតនៅប្រទេសអ៊ុយក្រែន អស់រយៈពេលជាង២ឆ្នាំ កន្លងមកនេះ ហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ថាកម្ពុជា ធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ ពីផលលំបាក និងទុក្ខវេទនា ដែលប្រជាជនអ៊ុយក្រែន កំពុងទទួលរង។
សម្ដេចថា ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្តីពី សន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ សម្តេចទុកជូនរាជរដ្ឋាភិបាលសម្រេច ។
សម្តេចតេជោ បានកត់សម្គាល់ឃើញថា «កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះត្រូវតែមានវត្តមានតួអង្គរុស្ស៊ី »។
សម្តេចតេជោ ក៏បានជម្រាបប្រធានសភាអ៊ុយក្រែន ថា ដោយសារកិច្ចការរវល់ច្រើននៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងឯកអគ្គរាជទូតកម្ពុជា ចូលរួមក្នុងសន្និសីទស្តីពី ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងប៊ែឡាំង នាថ្ងៃទី១១-១២ ខែមិថុនាខាងមុខនេះ៕