ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានជូនដំណឹងដល់អ្នកសម្រុះសម្រួលថា ខ្លួននឹងមិនចូលរួមក្នុងការចរចាណាមួយ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ឬកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សានកាលពីយប់ថ្ងៃអាទិត្យ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងគោលដៅ របស់កងទ័ពអ៊ីស្រាអែល លើតង់លំនៅដ្ឋានជនស៊ីវិល ដែលផ្លាស់ទីលំនៅ នៅភាគពាយព្យនៃទីក្រុងរ៉ាហ្វា ដោយបានសម្លាប់ និងរបួសរាប់សិបនាក់របស់ពួកគេ។
ប្រភពក៏បានឲ្យដឹងផងដែរថា ថ្នាក់ដឹកនាំក្រុមហាម៉ាស់ មិនបានទទួលការជូនដំណឹងជាផ្លូវការណាមួយ ពីអ្នកសម្រុះសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប ឬកាតា ទាក់ទងនឹងការបន្តការចរចារឡើងវិញនោះទេ។
អាជ្ញាធរសុខាភិបាលហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤៥នាក់ រួមទាំងកុមារ និងស្ត្រីត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែលលើតង់ សម្រាប់ជនភៀសខ្លួននៅជិតទីក្រុងរ៉ាហ្វា។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ លោក Osama Hamdan បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយក្នុងទីក្រុងបេរ៉ូត នៅថ្ងៃចន្ទនេះថា អ៊ីស្រាអែល នឹងមិនទទួលចំណាប់ខ្មាំង “លើកលែងតែយោងទៅតាមលក្ខខណ្ឌរបស់យើង ដែលបានបង្ហាញដល់អ្នកសម្រុះសម្រួល”៕
ប្រែសម្រួល ឈូក បូរ៉ា