បរទេស៖ ប្រធានាធិបតីប្រទេសឡាតវី លោក Edgars Rinkevics បានជំរុញឱ្យបណ្តាប្រទេសលោកខាងលិច ដកការរឹតបន្តឹងលើការប្រើប្រាស់អាវុធ ដែលបានបរិច្ចាគទៅឱ្យអ៊ុយក្រែន ដោយលោកនិយាយថា “គ្មានហេតុផល” ដើម្បីការពារទីក្រុងគៀវពីការវាយប្រហារ លើប្រទេសរុស្ស៊ីនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃច័ន្ទ លោក Rinkevics បានអះអាងថា ការរុលទៅមុខរបស់រុស្ស៊ីនៅក្នុងតំបន់ Kharkov គឺជា “ផលវិបាកនៃអសមត្ថភាពរបស់យើង ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន” និងការរឹតបន្តឹងហាមឃាត់ការប្រើប្រាស់ អាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី។
ប្រធានាធិបតីឡាតវីរូបនេះបាននិយាយថា “មិនមានហេតុផលសមហេតុសមផលណាមួយ ដែលមិនអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធទាំងនោះ ប្រឆាំងនឹងរុស្ស៊ីតាមរបៀបដែលមាន ប្រសិទ្ធភាពបំផុតនោះទេ”។
លោក Rinkevics បានពន្យល់ថា សព្វាវុធមិនត្រូវបានផ្តល់ដោយផ្ទាល់ដោយណាតូ ឬសហភាពអឺរ៉ុបទេ ប៉ុន្តែដោយប្រទេសសមាជិក ដែលអាវុធខ្លះផ្គត់ផ្គង់ដល់ទីក្រុងគៀវ ក្នុងលក្ខខណ្ឌថា ពួកគេនឹងមិនត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហាររុស្ស៊ី។ រដ្ឋាភិបាលឡាតវីមិនបានភ្ជាប់ការរឹតបន្តឹង ណាមួយចំពោះអាវុធដែលខ្លួនផ្តល់ ដល់ទីក្រុងគៀវនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា