បរទេស៖ ទស្សនាវដ្តី Forbes បានសរសេរកាលពីថ្ងៃចន្ទថា អ៊ុយក្រែនទំនងជាបានបំផ្លើសចំនួនយន្តហោះចម្បាំងរុស្ស៊ី ដែលខ្លួនអះអាងថាបានបាញ់ទម្លាក់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ទស្សនាវដ្តីធុរកិច្ចអាមេរិក បានវិភាគសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយមេដឹកនាំអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី និងក្រសួងការពារជាតិ ហើយឈានដល់ការសន្និដ្ឋានថា មិនមែនសុទ្ធតែអាចផ្ទៀង ផ្ទាត់ដោយឯករាជ្យបានទេ។
ទីក្រុងគៀវបានអះអាងថា កងពលតូចមេកានិចទី ១១០ របស់ខ្លួនបានបាញ់ទម្លាក់យន្តហោះវាយប្រហារ Su-25 របស់រុស្ស៊ីចំនួន ៧ គ្រឿងនៅចន្លោះថ្ងៃទី ៤ ខែឧសភាដល់ថ្ងៃទី២៥ ខែឧសភា។ ទោះបីជាយ៉ាងណាក៏ដោយ ការបាញ់ទម្លាក់ដែលបានសន្មត់ចំនួនពីរ ត្រូវបានគាំទ្រដោយភស្តុតាង ដែលមើលឃើញ។ ទស្សនាវដ្ដី Forbes បាននិយាយដោយយោង ទៅលើ “រូបថតនៃអ្វីមួយដែលកំពុងឆេះនៅលើដី” និងវីដេអូដែល “អាចពណ៌នាអំពីកាំជ្រួច បាញ់ទៅលើយន្តហោះដែលហោះទាប” ។
ទស្សនាវដ្តីបានសរសេរថា “ភស្តុតាងដែលមើលឃើញ” តែមួយគត់ផ្សេងទៀតដែលកងពលតូចមេកានិចទី១១០ ផ្តល់ជូនពិតជាបានមកពីហ្គេមវីដេអូ” ។ ទស្សនាវដ្តី បានអះអាងថា “ទំនងជាជាងនេះទៅទៀតកងពលតូចមេកានិចទី១១០ បានបាញ់ទម្លាក់យន្តហោះវាយប្រហាររុស្ស៊ីភាគច្រើនបំផុតពីរគ្រឿងក្នុងរយៈពេលតិចជាងមួយខែ” ។
Forbes បានដកស្រង់ទិន្នន័យពីគេហទំព័រត្រួតពិនិត្យ Oryx ដែលបាននិយាយថា រុស្ស៊ីបានបាត់បង់យន្តហោះចម្បាំង Su-25 យ៉ាងហោចណាស់ ២៩ គ្រឿង ចាប់តាំងពីវាបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ទាំងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ គឺកម្របង្ហាញ ពីការស្លាប់បាត់បង់ជីវិត ឬការបាត់បង់ឧបករណ៍ យោធារបស់ខ្លួនណាស់៕
ប្រែសម្រួលៈ ណៃ តុលា