បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពមួយចំនួនថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និង ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋបច្ចុប្បន្ន លោក ដូណាល់ ត្រាំ បានប្រាប់អ្នកផ្តល់ជំនួយក្នុងយុទ្ធនាការថា លោកនឹង “ទម្លាក់គ្រាប់បែក” ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ប្រសិនបើរុស្ស៊ី និងចិន វាយប្រហារអ៊ុយក្រែន និងកោះតៃវ៉ាន់ នៅលើការឃ្លាំមើលរបស់លោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមអ្នកផ្តល់ជំនួយ ទីប្រឹក្សា និងមនុស្សផ្សេងទៀត ដែលជិតស្និទ្ធនឹងលោក ត្រាំ អតីតប្រធានាធិបតី បានបង្កើនវោហាសាស្ត្រ នៃយុទ្ធនាការរៃអង្គាសប្រាក់ របស់លោក មុនពេលដែលគាត់ទំនងជា មានការប្រកួតឡើងវិញជាមួយលោក Joe Biden ក្នុងការបោះឆ្នោតខែវិច្ឆិកា ខាងមុខនេះ ។
លោក ដូណាល់ ត្រាំ ដែលតែងតែថ្លែងសុន្ទរកថាអំពីប្រធានបទគោល នយោបាយការបរទេសនៅក្នុងព្រឹត្តិការណ៍បែបនេះ តាមសេចក្តីរាយការណ៍បានអះអាងថា លោកនឹងទម្លាក់គ្រាប់បែក លើរដ្ឋធានីរុស្ស៊ីជាការឆ្លើយតបនឹងយុទ្ធនាការអ៊ុយក្រែន ហើយបានកំណត់ការឆ្លើយតបដូចគ្នាទៅនឹងទង្វើរបស់ចិន ដែលមានសម្មតិកម្មដើម្បីអះអាងពីអធិបតេយ្យភាព របស់ខ្លួនលើកោះតៃវ៉ាន់។ សុន្ទរកថាទាំងនេះ ក៏បានបង្កការ “ភ្ញាក់ផ្អើល” ដល់ម្ចាស់ជំនួយរបស់គាត់ផងដែរ។
អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏ត្រូវបានគេ និយាយថា បានធ្វើ “សំណើដ៏ក្លាហាន” ដើម្បីស្នើសុំការរួមចំណែក ក្នុងយុទ្ធនាការដ៏សំខាន់នៅក្នុងព្រឹត្តិការណ៍ផ្តល់មូលនិធិ ដូចដែលគាត់បានរាយការណ៍ថា បានសន្យាកាត់បន្ថយពន្ធ ការអនុម័ត គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រេង និងគោលនយោបាយផ្សេងទៀត ដែលម្ចាស់ជំនួយរបស់គាត់អាចពេញចិត្ត៕
ប្រែសម្រួលៈ ណៃ តុលា